ស្ទើរ​ទប់ទឹក​ភ្នែក​ពុំបាន ករណី​ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​កិន​ស្ត្រី​ម្នាក់​ពីក្រោយ ស្លាប់

  • 2017-09-27 23:39:23
  • Views 210

Shares

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យសង្វេគនេះ បានកើតឡើងកាលពី វេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវព្រៃស ស្ថិតត្រង់ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

224870003

សម្រែកទ្រហោយំគួរឲ្យសង្វេគបំផុត ពីសំណាក់កូនប្រុសស្រីអង្គុយឱបសាកសពម្តាយ ធ្វើឲ្យអ្នកចោមរោមមើលហេតុការណ៍ ស្ទើទប់ទឹកភ្នែកពុំបាន ព្រោះ ស្ត្រីរងគ្រោះ ត្រូវរថយន្តធន់ធំមិនស្គាល់ម៉ាក បើកបុកកិនពីក្រោយ បណ្តាលឲ្យស្លាប់ចោលពួកគេ រួចបើករត់គេចបាត់។

មុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកឆាលីក្នុងទិសដៅពីកើតទៅលិច តាមផ្លូវព្រៃស។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឮសម្លេងស្ត្រីរងគ្រោះស្រែក ហើយអ្នកភូមិក៏នាំគ្នារត់ចេញទៅមើល ក៏ឃើញស្ត្រីដេកស្លាប់ក្នុងថ្លុកឈាម ហើយម៉ូតូត្រូវរថយន្តកិនខ្ទេចតែម្តង ដោយគ្មានអ្នកណាដឹងពីភិនភាគរថយន្តបង្កនោះទេ។

224870002

ភ្លាមនោះសមត្ថកិច្ចនគរបាលចរាចរខណ្ឌដង្កោ ចុះទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យហើយសន្និដ្ឋានថា ស្ត្រីរងគ្រោះត្រូវរថយន្តបុកកិនពីក្រោយ។

ដោយឡែកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសបានឲ្យដឹងថា ស្ត្រីរងគ្រោះជាអ្នកភូមិចំណូលថ្មី ឈ្មោះ ប្រាក់ សំអូន អាយុ៤០ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។

សាកសពស្ត្រីរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចកំពុងបន្តតាមស្វែងរករថយន្តបង្កហេតុយកមកផ្តន្ទាទោសតាមច្បាប់៕

Loading...
Loading...