ចម្លាក់ទ័ពសៀម (ស្យាមកុក) លើប្រាសាទអង្គរវត្ត

  • 2017-09-25 13:38:30
  • Views 109

Shares

តាមឯកសារប្រវត្តិសាស្ត្រជនជាតិថៃស្ថិតនៅក្នុងអម្បូរ ថៃ-វៀត (Thai-Viet) ដែលខុសពីជនជាតិខ្មែរស្ថិតនៅក្នុង មន-ខ្មែរ (Mon-Khmer)។ ក្រោមការវាយលុករបស់មេទ័ពម៉ុងហ្គោល (Mongol) បានធ្វើឲ្យជនជាតិថៃនិរទេសខ្លួន ពីនគរណានចៅ (Nan Chao) ស្រុកចិន ខាងត្បូងមកកាន់ភូមិភាគឥណ្ឌូចិន ដែលដើមឡើយជាទឹកដីរបស់ខ្មែរ ។

21765198_1355995341194027_2407454854373130531_n

នៅក្នុងការភៀសខ្លួននេះ មេទ័ពថៃដ៏ខ្លាំងពូកែជាច្រើននាក់ដែលចាញ់សង្គ្រាមដោយការវាយលុកពី សំណាក់កងទ័ពរបស់គូលីបាយ ខាន់ ត្រូវបង្ខំចិត្តចាកចេញពីស្រុកចិនខាងត្បូង ហើយក៏ជ្រកកោនក្នុងទឹកដីខ្មែរ ។ ជនភៀសខ្លួនទាំងនោះ ក្នុងដំណាក់កាលដំបូងបានស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះបាទ សុរិយាវរ្ម័នទី ២ ដែលជាម្ចាស់ផែនដី និងជាស្ថាបនិកប្រាសាទអង្គរវត្តដ៏ធំមហិមា ។
នៅក្នុងការរស់នៅជាជនភៀសខ្លួននោះ ជនជាតិថៃស្ថិតនៅក្នុងស្ថានភាពទាបជាងជនជាតិខ្មែរដែលជាម្ចាស់ទឹកដី ហើយត្រូវរស់នៅដោយការស៊ីឈ្នួលឲ្យម្ចាស់ទឹកដី ។ ហេតុនេះហើយបានជាគេឃើញចម្លាក់ជាប្រវត្តិសាស្ត្រនៅប្រាសាទអង្គរវត្ត មេទ័ពសៀមស៊ីឈ្នួលក្នុងជួរទ័ពខ្មែរ ដែលពេលឆ្លាក់ចំឡាក់នោះ ជនជាតិសៀមមិនទាន់មានប្រទេសនៅឡើយទេ និងក៏ពុំទាន់មានអក្សររបស់ខ្លួនដែរ ពោលគឺមុនបង្កើតរដ្ឋនៅសុខោទ័យ និងការសាងសង់អយុធ្យានៅ ១៣៥០ នៃគ្រិស្តសករាជ។
ត្រង់ចំណុចនេះហើយ ដែលសឲ្យឃើញចំណាស់នៃខឿនវប្បធម៌ជនជាតិខ្មែរជាជនជាតិខ្លាំងពូកែ ក្នុងពេលដែលជនជាតិសៀមជាទាហានស៊ីឈ្នួលនៅឡើយ ។ នៅក្នុងចំណោមជនជាតិថៃទាំងនោះ គេឃើញមានចំនួនស្ត្រីភេទតិចជាងបុរស ។

ក៏ប៉ុន្តែមិនយូរប៉ុន្មាន សមត្ថភាពនិងទេពកោសល្យនៃមេដឹកនាំថៃនៅសុខោទ័យ ដែលមានឥទ្ធិពលខ្លាំងពូកែជាងកុលសម្ព័ន្ធថៃដទៃទៀត ដូចជានៅអយុធ្យា សុផានាបុរី ជាដើម បានធ្វើឲ្យជនជាតិថៃបន្តិចម្តងៗក្លាយទៅជាមហាអំណាច ហើយរហូតត្រួតត្រាខ្មែរវិញបានទៀត ។ ឧទាហរណ៍ជាក់ស្តែងនេះ គឺនៅឆ្នាំ ១៣៨៩ កងទ័ពថៃបានវាយលុកព្រះរាជធានីអង្គរវត្ត គឺអង្គរធំដោយជោគជ័យហើយចាប់ប្រជាពលរដ្ឋខ្មែរធ្វើជាឈ្លើយសឹកចំនួន ជិតមួយសែននាក់ នាំទៅទីក្រុងអយុធ្យា ដែលជាទីក្រុងខ្មែរដែរ តែត្រូវថៃដណ្តើមបាននៅឆ្នាំ ១៣៥០ នៃគ្រិស្តសករាជ ដោយព្រះបាទអ៊ូថង ជាមហាក្សត្រថៃជំនាន់នោះ ។ ទន្ទឹមនឹងនេះ ទ័ពថៃក៏បានដឹកជញ្ជូនព្រះពុទ្ធបដិមាធ្វើអំពីមាស ប្រាក់ សំរឹទ្ធ កែវកង ក្បួនខ្នាត ទ្រព្យសម្បត្តិខ្មែរជាជ័យភណ្ឌផងដែរ ។ ទំព័រប្រវត្តិសាស្ត្របានឲ្យដឹងដែរថា នៅឆ្នាំ ១២៣៨ មេទ័ពថៃដ៏ខ្លាំពូកែមួយរូបឈ្មោះស្រីជន្ទ្រាអាទិត្យ បានបម្រើក្នុងជួរទ័ពខ្មែរ ក្រោមការដឹកនាំរបស់ព្រះបាទសុរិយាវរ្ម័នទី២ ជាព្រះមហាក្សត្រខ្មែរ បានដណ្តើមខេត្តសុខោទ័យពីខ្មែរ ។
អំឡុងពេលដែលជនជាតិថៃស្ថិតនៅជាចំណុះជាអ្នកស៊ីឈ្នួលច្បាំងឲ្យ ខ្មែរនោះ គេបានឆ្លាក់រូបមេទ័ពនិងទ័ពថៃជាច្រើននៅលើជញ្ជាំងប្រាសាទអង្គរវត្ត ដូចដែលនៅសល់ជាសក្ខីភាពស្រាប់ សម្រាប់បញ្ជាក់នូវប្រវត្តិសាស្ត្រនេះ ហើយតាមរយៈប្រវត្តិសាស្ត្រនេះ ហាក់បីដូចជាបានដាស់សតិសម្បជញ្ញៈខ្មែរឲ្យដឹងថា ដូនតាខ្លួនធ្លាប់ជាមហាអំណាច ហើយធ្លាប់មានទឹកដីដ៏យ៉ាងទូលំទូលាយអស្ចារ្យ ។

រូបចម្លាក់ទ័ពសៀមឬថៃ បានបង្ហាញឲ្យយើងឃើញនូវឥទ្ធិពលរបស់ព្រះមហាក្សត្រខ្មែរបុរាណ មិនត្រឹមតែបានសង់ប្រាសាទអង្គរវត្តប៉ុណ្ណោះទេ ក៏ប៉ុន្តែបានបង្ហាញនូវកម្រិតវឌ្ឍនភាពកប់កំពូលរបស់ខ្លួនដែរ ដោយមានមេទ័ពបរទេសមកស៊ីឈ្នួលច្បាំងនឹងនគរចម្ប៉ាដែលមកបៀតបៀន កម្ពុជាផង ។ ការស្តារខឿនវប្បធម៌មួយប្រកបដោយភាពរុងរឿងថ្កុំថ្កើងបាន គឺដោយសារតែពលិកម្មនិងការតស៊ូ ។

ស្នាដៃជាច្រើនរបស់ព្រះមហាក្សត្រខ្មែរមានទ្រង់ទ្រាយជាការបង្កើតលោក តាមទេវកថា ព្រហ្មញ្ញសាសនា ដូចជាការកូរសមុទ្រទឹកដោះឆ្លាក់លើប្រាសាទថ្មជាដើម ដើម្បីស្វែងរកនូវទឹកអមតៈ ឬ ទឹកអម្រិត ប្រភពនៃសុភមង្គលរបស់ប្រជារាស្ត្រខ្មែរក្នុងព្រះរាជនគរទាំងមូល ។ តាមទស្សនៈនេះហើយ ដែលព្រះបាទសុរិយាវរ្ម័នទី២ បានបញ្ជាឲ្យគេឆ្លាក់នូវរឿងកូរសមុទ្រទឹកដោះ ឬក៏ក្បួនទ័ពសៀមនិងខ្មែរ ដែលមកពីបណ្តាខេត្តនានានៅលើប្រាសាទរបស់ព្រះអង្គដែលជាម្ចាស់ដែនដី ៕

ប្រភព៖SPKT LIV

Loading...
Loading...