ពិធីប្រកាស!! ផ្ទេរ​តំណែង​ ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ និង​ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ប៉ោយប៉ែត​ (ថ្មី)!!

  • 2019-01-22 10:13:46
  • Views 123

Shares
1548151747031

ខេត្តបន្ទាយមានជ័យ-៖នៅរសៀល ថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ។
មានពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយ មានជ័យ និង ប្រធានការិយាល័យគយនិងរដ្ឋាករប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្តម ផា អេងវេន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាង ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ពិធីនេះដែរធ្វើឡើងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការ ជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។
យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការតែងតាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការគយនិងរដ្ឋាករកម្ពុជា លេខ០០៧ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្ទេរភារកិច្ច÷

លោក នូ ស៊ីថា ពីប្រធានសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ ត្រូវបានផ្ទេរទៅជាប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ជំនួសលោក ឆែ សុធា ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍។
ជាមួយគ្នានេះដែរ លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយនិងរដ្ឋាករប៉ោយប៉ែត ត្រូវបានផ្ទេរទៅជាប្រធានការិយាល័យរដ្ឋបាល និងគ្រប់គ្រង នៃសាខាគយនិងរដ្ឋាករខេត្តមណ្ឌលគិរី វិញ និងប្រកាសផ្ទេរភារកិច្ច លោក ងួន កុសល ប្រធានការិយាល័យគយ និង(រដ្ឋាករផែស្ងួត -អ៊ុយញ៉ុង )ត្រូវបានផ្ទេរទៅជាប្រធានការិយាល័យគយនិងរដ្ឋាករប៉ោយប៉ែត នៃសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ផា អេងវេន បានលើកឡើងថា ការផ្លាស់ប្តូរ គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជាស្របតាមគោលនយោបាយជាតិ។
ជាមួយគ្នានេះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែកអ្នកថ្មីឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឱ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រទេសជិតខាង ពិសេសយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញឆ្លងកាត់ឱ្យបានត្រឹមត្រូវ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទ។

លោក នូ ស៊ីថា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ដែលទើបឡើងកាន់តំណែងថ្មី បានឡើងប្តេជ្ញាចិត្តថា បំពេញភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន គោរពប្រតិបត្តិឱ្យបាននូវអភិក្រមបួនប្រការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គោរពក្រមសីលធម៌ ជាមន្ត្រីគយ និងរដ្ឋាករ ក៏ដូចជាចូលរួមសហការឱ្យបានល្អផ្ទៃក្នុងអង្គភាព និងមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ។
ជាពិសេស គោរពអនុវត្តនូវភារកិច្ចសំខាន់ៗទាំង៣ របស់គយនិងរដ្ឋាករ រួមមាន÷ ប្រមូលចំណូលពន្ធ អាករ និងកម្រៃផ្សេងៗជូនរដ្ឋឱ្យបានគ្រប់ និងលើសផែនការ បង្ការ និងបង្ក្រាបអំពើរត់គេចពន្ធឱ្យបានលទ្ធផលខ្ពស់ សម្រួលពាណិជ្ជកម្មអន្តរជាតិឱ្យបានសមស្រប ផងដែរ ៕(ដោយ  ជោគជ័យ)!!

 

Loading...
Loading...
Recently Posts