អ្នកទោសម្នាក់​ ដែល​លួច​រត់​ចេញពី​ពន្ធនាគារ​ ត្រូវជាប់ទោស ដាក់គុក​ ​១៨​ ខែ បន្ថែ​ម​ទៀត​

  • 2018-01-24 09:50:42
  • Views 117

Shares

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង បានប្រកាសសាលក្រមផ្ដន្ទាទោសទណ្ឌិតម្នាក់ ដែលលួចរត់ពីពន្ធនាគារ ដាក់ពន្ធនាគារបន្ថែម ១៨ ខែទៀត និង ពិន័យជាប្រាក់ ២ លានរៀលចូលថវិការដ្ឋ ពីបទលួចរត់តាមមាត្រា ៥៦០ និង ៥៦១ នៃក្រមព្រហ្មទណ្ឌ។

4AA8E2BD-B549-4952-8A75-4BE844EE8922

ទណ្ឌិតរូបនេះមានឈ្មោះ បាន គ្រាក់ ភេទប្រុស អាយុ៣៤ឆ្នាំ ធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ ពីបទលួច ហើយនៅសល់តែពីរខែទៀតនឹងត្រូវមានសេរីភាពវិញ តែបែរជាលួចរត់ពីមន្ទីរឃុំឃាំង។


ពាក់ព័ន្ធការលួចរត់នោះ តាមប្រភពព័ត៌មានធ្លាយចេញពីពន្ធនាគារ ប៉េ ហ្ស៊ី បានបង្ហើបឲ្យដឹងថា កាលពីវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃទី២៨ មេសា ២០១៧ លោក ពេជ្រ យ៉ុន ប្រធានពន្ធនាគារ ប៉េ ហ្ស៊ី បានយកអ្នកទោស ៤ ទៅ ៥ នាក់ ឲ្យធ្វើការងារក្រៅ ពោល គឺឲ្យធ្វើបន្ទប់ស្នាក់នៅរបស់លោកប្រធានផ្ទាល់នៅជាប់ពន្ធនាគារ ប៉េ ហ្ស៊ី នោះ។ ខណៈពេលអនុរក្ស យាម ការពារភ្លេចខ្លួនស្រាប់តែឈ្មោះ បាន គ្រាក់ បានរត់ចេញដើម្បីគេចខ្លួន ធ្វើឲ្យប្រធានពន្ធនាគារព្រលឹងចុងសក់ទាំងព្រលឹម តែជាសំណាងល្អជនជាប់ចោទរត់ទៅដល់ម្តុំសួនច្បារវត្តភ្នំ ទឹកដីខណ្ឌដូនពេញ ត្រូវសន្តិសុខយាមសួននៅទីនោះចាប់បានវិញ។ កន្លងមកពន្ធគារ ប៉េ ហ្ស៊ី ធ្លាប់ត្រូវបានអ្នកទោស ឬ ជនជាប់សង្ស័យបានហែកគុករត់ញឹកញាប់ ហើយក្នុងនោះក៏មានឈ្មោះ សោម ឯក ម្នាក់ដែរ ដែលជាអ្នកទោសឧក្រិដ្ឋ។

នៅពេលសវនាការ ទណ្ឌិតឈ្មោះ បាន គ្រាក់ បានសារភាពថា រូបគេកំពុងជាប់ឃុំ និង អនុវត្តទោស២ឆ្នាំក្នុងសំណុំរឿងលួច ដោយសារតែខ្លួនជិតបានចេញទៅផ្ទះវិញ ទើបខាងពន្ធនាគារអនុញ្ញាតឱ្យខ្លួនអាចចេញធ្វើពលកម្មនៅក្រៅបន្ទប់ឃុំឃាំងបាន។ ដោយឃើញឱកាសល្អខ្លួនក៏លួចរត់ទៅផ្ទះ ក៏ត្រូវសមត្ថកិច្ចដេញតាមចាប់បានមកវិញនៅម្តុំវត្តភ្នំ៕

Loading...
Loading...
Recently Posts