សហជីព​សេរី​កម្មករ​ប្រារព្ធ​ខួប​១៤​ឆ្នាំ នៃ​ការ​បាញ់សម្លាប់​លោក ជា វិជ្ជា

  • 2018-01-22 14:08:01
  • Views 73

Shares

ភ្នំពេញ ៖ សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ បានប្រារព្ធខួប១៤ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅមុខតូបលក់កាសែតក្បែរវត្តលង្កា ដោយមានអ្នកចូលរួមប្រមាណ៦០នាក់។

លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ, លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA ), លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU), លោក សុខ ឈុនអឿង ប្រធានសមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA), លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ, លោកស្រី ទូច សើ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ទឹម ម៉ាលៃ ប្រធានបណ្តាញយុវជនកម្ពុជា (CYN), លោក ថេង សារឿន អគ្គលេខាធិការសម្ព័ន្ធសហគមន៏កសិករកម្ពុជា (CCFC) លោក សរ មួរ៉ា ប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF), លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា (CATU) និងតំណាងសហជីពមួយចំនួនទៀត ហើយពិធីនោះ មិនមានវត្តមានលោក ជា មុនី នោះទេ ហើយកម្មវិធីនេះសម្របសម្រួលដោយលោក ម៉ាន់ សេងហាក់ អនុប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីចាប់ផ្តើមនៅម៉ោងប្រមាណ៨ និងបញ្ចប់នៅម៉ោងប្រមាណ៩ និង៣០ នាទីព្រឹកថ្ងៃដដែល ដោយមានការតាមដានសកម្មភាពនេះ ពីភ្នាក់ងារឧត្តមស្នងការអង្គការសហប្រជាជាតិ (UN)។

លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានចូលរួមក្នុងពិធីនោះបានថ្លែងថា រហូតមកដល់ពេលនេះ ការស្លាប់របស់លោក ជា វិជ្ជា នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ដោយឃាតកនៅមិនទាន់ត្រូវបានចាប់ខ្លួនមកផ្តន្ទាទោសនៅឡើយ ហើយសាច់ញាតិ ក្រុមគ្រួសារ បងប្អូនកំពុងរង់ចាំយុត្តិធម៌នេះ។ ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យរដ្ឋាភិបាលវែកមុខឃាតក ក៏ដូចជាជននៅពីក្រោយឃាតយកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។

ចំណែកលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU បានថ្លែងដែរថា លោក ជា វិជ្ជា ជាមនុស្សសំខាន់មួយរូប ហើយក៏ជាមនុស្សម្នាក់ពូកែនៅក្នុងការជជែកពិភាក្សាតស៊ូមតិផងដែរ ដូច្នេះយើងមិនអាចបំភ្លេចបានទេ។

លោកបន្តថា មកដល់ពេលនេះ យើងមិនទាន់ឃើញឃាតកពិត ឬសញ្ញាណដែលអាចឈានទៅដល់ការចាប់ឃាតកពិតនៅឡើយ ដូច្នេះសូមឲ្យរដ្ឋាភិបាលពន្លឿនក្នុងបញ្ហានេះ ស្វែងរកឃាតកពិតមកដាក់ទោស ពីព្រោះវាជាអំពើអយុត្តិធម៌សម្រាប់លោក ជា វិជ្ជា។

សូមបញ្ជាក់ថា ការរៀបចំគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នេះ មិនមានវត្តមានលោក ជា មុនី ដែលជាប្អូនប្រុសបង្កើតលោក ជា វិជ្ជា នោះទេ ដោយលោកកំពុងគេចខ្លួនទៅក្រៅប្រទេស ក្រោយពីមានបណ្តឹងពីថ្នាក់ដឹកនាំសហជីពមួយចំនួន ពីបទញុះញង់។

អតីតប្រធានសហជីពសសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅក្បែរតូបលក់សៀវភៅ ក្បែររបងវត្តលង្ការ ហើយមនុស្សពីរនាក់ត្រូវបានចាប់ខ្លួន គឺ ប៊ន សំណាង និង សុខ សំអឿន តែត្រូវបានគេនិយាយថា ជាឃាតកសិប្បនិមិត្ត ហើយក្រោយមកត្រូវបានដោះលែងវិញ ដោយតុលាការសំអាងថា មិនមានភស្តុតាងដាក់បន្ទុក។ ទោះជាយ៉ាងណា សាច់ញាតិលោក ជា វិជ្ជា ជាពិសេសប្អូនប្រុសបង្កើត គឺលោក ជា មុនី តែងតែដឹកនាំតំណាងសហជីព តំណាងកម្មករគោរពវិញ្ញាណក្ខន្ធជារៀងរាល់ឆ្នាំ នៅរូបសំណាកលោក ជា វិជ្ជា ខាងលិចវិមានឯករាជ្យ ហើយអំពាវនាវឲ្យរកមុខឃាតកពិតយកមកផ្ដន្ទាទោសតាមច្បាប់។

ទាក់ទងបញ្ហានេះ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងពិសេសមួយ ដើម្បីធ្វើការស៊ើបអង្កេតករណីឃាតកម្មលោក ជា វិជ្ជា និងមេដឹកនាំសហជីពពីរនាក់ទៀត ដែលត្រូវបានគេសម្លាប់ គឺលោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត ហើយសមាសភាពរួមមាន តំណាងក្រសួងមហាផ្ទៃ ក្រសួងការងារ ក្រសួងយុត្តិធម៌ ទីស្ដីការគណៈរដ្ឋមន្ត្រី អគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថ និងតំណាងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត៕

27067759_1686232024773391_6585985673957003095_n
26815040_1686232021440058_3738880078286032537_n
Loading...
Loading...