អាសូរ​បុរស​ពិការ​ខំតស៊ូ​ប៉ះ​ចល័ត ដើម្បី​កូន​តូច​ៗ​បាន​ហូប

  • 2018-01-22 06:52:27
  • Views 94

Shares

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារមួយប្តីជាជនពិការស្វិតជើងឆ្វេង ដោយសារសង្គ្រាមក្នុងសម័យរដ្ឋកម្ពុជា ហើយឥឡូវនេះធ្លាក់ខ្លួនវេទនាដោយបង្កើតរបរប៉ះកង់ និងបូមខ្យល់ចល័ត្រក្រោមដើមឈើតាមដងផ្លូវជាតិលេខ5 ខណៈប្រពន្ធជាជាងប៉ះកង់ដូចគ្នាទាំងដៃជាប់កូនតូចមើលទៅគួរឲ្យសង្វេគណាស់។

26907942_1685929404803653_4282920787589489180_n

គ្រួសារដ៏កំសត់មួយនេះរស់នៅលើដីចិញ្ចើមផ្លូវជាតិ មុខសកលវិទ្យាល័យមានជ័យ ស្ថិតក្នុងភូមិទឹកថ្លាសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដោយបុរសជាប្តីឈ្មោះ ហុន សំអាត អាយុ56ឆ្នាំ និងប្រពន្ធឈ្មោះ ភាព ស្រីល័ក្ខណ៍ អាយុ24ឆ្នាំ មានកូនប្រុសស្រី2នាក់ កូនប្រុសច្បងអាយុ5ឆ្នាំ កូនស្រីពៅទើបអាយុ2ខែតែប៉ុណ្ណោះ។

ក្រោយពេលជួបសម្ភាសន៍ផ្ទាល់ក្រោមដើមក្រខុបនៅចិញ្ចើមផ្លូវជាតិលេខ5 ខាងលិចស្ពានទឹកថ្លាប្រហែ300ម៉ែត្រនោះ បុរសដ៏កំសត់រូបនេះប្រាប់ថា គាត់ជាអតីតយោធាស្រុកអូរជ្រៅសម័យរដ្ឋកម្ពុជាកាលពីឆ្នាំ1986 ហើយរងរបួសដោយសារគ្រាប់ដេកា80 របស់ទ័ពព្រៃផ្លោងចូលបន្ទាយនៅឃុំកូប ស្រុកអូរជ្រៅ ក្នុងឆ្នាំ1989 បណ្តាលឱ្យស្វិតជើងឆ្វេង និងរបួសក្បាលខាងស្តាំដេរអស់ជាច្រើនថ្នេរ។

26904754_1685929408136986_590404264667086538_n

បុរសកំសត់បន្តទៀតថា ដោយសារជីវភាពខ្វះខាតគ្មានទាំងដីរស់នៅ ហើយបច្ចុប្បន្ននេះរស់លើចំណីផ្លូវ គ្មានមុខរបររកស៊ីក៏បង្ខំចិត្តបង្កើតមុខរបរប៉ះកង់ និងបូមខ្យល់ចល័តនេះតែម្តង ខណៈប្រពន្ធគាត់ជាជាងប៉ះកង់មុខខ្ទមដ៏កំសត់ ដើម្បីរកចំណូលជួយគ្នា។ ហើយចំណូលបានពីមុខរបរនេះ គឺថ្ងៃខ្លះបាន ថ្ងៃខ្លះអត់ស្ទើរតែរកបាយឲ្យកូនហូបមិនចង់បាន។ ដំបូងឡើយ គឺគ្មានដើមទុនទិញសម្ភារៈប៉ះអ៊ុត និងម៉ាស៊ីនបូមខ្យល់ទេ ប៉ុន្តែដោយមើលឃើញពីទុកលំបាកគ្រួសារគាត់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ បានទិញម៉ាស៊ីនឲ្យ1គ្រឿង ហើយគាត់ទិញបំពង់បូមខ្យល់ពីកន្លែងអេតចាយបាន ទើបបង្កើតបានមុខរបរមួយនេះ ដើម្បីចិញ្ចឹមគ្រួសារតែម្តង។

26815457_1685929421470318_3892251059163263504_n

បុរសពិការស្វិតជើងរូបនេះបញ្ជាក់ថា ដើម្បីបានមុខរបរនេះ គាត់សុខចិត្តអាវ៉ង់ប្រាក់ខែយោធិនពិការរបស់គាត់យកទៅទិញឧបករណ៍បន្ថែម ក្រៅពីម៉ាស៊ីនដែលលោកស្នងការជួយទិញឲ្យនោះ។

យ៉ាងណាក៏ដោយគ្រួសារកំសត់មួយនេះ អំពាវនាវដល់សប្បុរសជនក្នុង និងក្រៅប្រទេស ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកកជំទាវ មេត្តាជួយពួកគាត់ឲ្យមានទីជម្រក និងដី ដើម្បីរស់នៅផង៕

26731169_1685929388136988_7140391006345266131_n
Loading...
Loading...