ទិន្នផល​ម្រេច​កំពត​ឆ្នាំ​មុនទទួល​បាន​ជាង​100​តោន តែ​ជួប​បញ្ហា​ទីផ្សារ

  • 2018-01-22 06:46:59
  • Views 142

Shares

ខេត្តកំពត ៖ កាលពីប៉ុន្មានឆ្នាំកន្លងទៅ ទីផ្សារផលិតផលម្រេចខេត្តកំពតហាក់មានកំណើនខ្លាំង ដែលធ្វើឲ្យអ្នកផលិតសប្បាយរីករាយក្នុងការបង្កបង្កើនផល និងពង្រីកការដាំដុះ ក៏ប៉ុន្តែបច្ចុប្បន្ន ទីផ្សារផលិតផលមួយនេះហាក់ជួបបញ្ហា បន្ទាប់ពីមានក្រុមហ៊ុនធំៗមកបណ្ដាក់ទុនវិនិយោគដំណាំនេះ ។ ជាក់ស្ដែង ក្នុងឆ្នាំ២០១៧ ទិន្នផលម្រេចកំពតទទួលបានរហូតដល់១០២តោន ក៏ប៉ុន្តែលក់ចេញតាមរយៈសមាគមលើកកម្ពស់ម្រេចខេត្តកំពត បានត្រឹមតែ៦៤តោនប៉ុណ្ណោះ បើទោះបីជាតម្លៃនៅថេរក៏ដោយ ។

26815044_1685934708136456_4089121872319666418_n

លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចខេត្តកំពត បានឲ្យដឹងថា ឆ្នាំ២០១៧ កន្លងទៅនេះ ដោយសារកំណើនផ្ទៃដីចម្ការម្រេចអាចទទួលផលបាននោះ បានកើនឡើងជាងឆ្នាំមុនៗ ។ ដូចនេះហើយទើបទិន្នផលបានកើនឡើងដល់ជាង១០០តោនសម្រាប់ម្រេចដែលមាននៅក្នុងសហគមន៍ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ផលិតផលម្រេចដែលលក់ឲ្យក្រុមហ៊ុនតាមរយៈសមាគមបានត្រឹមតែ៦៤តោនប៉ុណ្ណោះ នៅសល់ប៉ុន្មានទៀតមិនទាន់បានលក់ចេញនៅឡើយទេ ។

លោក សោម សុខា ផលិតករម្រេចខេត្តកំពតមួយរូបបានឲ្យដឹងថា ឆ្នាំនេះ ទីផ្សារម្រេចនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពតនេះ កាន់តែពិបាក និងបានធ្វើឲ្យប៉ះពាល់ដល់ចំណូលកាន់តែខ្លាំង ។

លោកនិយាយថា ៖« កាលពីមុន អ្នកផលិតម្រេចបានហើយ អត់ភ័យព្រួយរឿងលក់ទេ គឺប្រមូលម្រេចយកទៅលក់ជូនសហគមន៍ ដែលមានឈ្មួញរង់ចាំទិញនៅទីនោះស្រាប់ ក៏ប៉ុន្តែពេលនេះវិញ ការកុម្មង់ទិញពីឈ្មួញសម្រាប់នាំចេញនោះបានធ្លាក់ចុះ ខណៈទិន្នផលម្រេចរបស់កសិករកើនឡើងជាបន្តបន្ទាប់ » ។

26814503_1685934704803123_4482471138594954774_n

លោកបន្តថា អ្វីជាបញ្ហានោះ ម្រេចដែលកសិករលក់ឲ្យឈ្មួញតាមរយៈសហគមន៍នោះ មិនទាន់ទទួលបានប្រាក់នៅឡើយទេ គឺគេយកផលិតផលទៅបាត់ហើយ តែមិនបានលុយ។ ដូច្នេះ អ្នកដែលមានទុនតិចតួចកាន់តែជួបការលំបាក ព្រោះត្រូវបង់ទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដែលខ្លួនបានខ្ចីមកធ្វើទុនលើចម្ការម្រេច ។ ដោយសារតែបញ្ហានេះ ក៏បានបង្ខំឲ្យកសិករត្រូវលក់ម្រេចដែលខ្លួនផលិតបានសម្រាប់លក់ជូនសហគមន៍នោះ ទៅឲ្យឈ្មួញនៅខាងក្រៅក្នុងតម្លៃទាបជាងទីផ្សារសហគមន៍រហូតដល់ជាងពាក់កណ្ដាល ដើម្បីបានប្រាក់ត្រឡប់មកវិញខ្លះៗ ។

បើតាមលោក សុខា ផលិតករម្រេចជើងចាស់រូបនេះបានបន្ថែមថា លោកមើលឃើញថា ទីផ្សារម្រេចកសិករក្នុងខេត្តកំពត ជាពិសេស ក្នុងស្រុកកំពង់ត្រាច ចាប់ផ្ដើមមានបញ្ហាចាប់តាំងពីមានក្រុមហ៊ុនធំៗទៅបណ្ដាក់ទុនវិនិយោគដំណាំនេះនៅក្នុងទឹកដីខេត្តកំពតផ្ទាល់។

លោកនិយាយថា ៖« កាលពីមុន ក្រុមហ៊ុន ឈ្មួញទិញម្រេចពីកសិករ មិនទាន់ផលិតខ្លួនឯងទេ តែក្រោយមក អ្នកទិញទាំងនោះ ក៏មកវិនិយោគដោយខ្លួនគេផ្ទាល់ ។ អីចឹងហើយទើបបរិមាណម្រេចដែលគេបម្រុងនឹងទិញពីកសិករ ត្រូវកាត់បន្ថយ ដោយយកផលិតផលរបស់គេមកជំនួសវិញ » ។

បើតាមការបញ្ជាក់ពីសមាគមលើកកម្ពស់ម្រេចខេត្តកំពត ក្នុងឆ្នាំ២០១៧ តម្លៃម្រេចមិនប្រែប្រួលទេ ពោលគឺម្រេចស២៨ដុល្លារ, ម្រេចក្រហម២៥ដុល្លារ និងម្រេចខ្មៅ១៥ដុល្លារក្នុង១គីឡូក្រាម ។ តម្លៃនេះសម្រាប់តែម្រេចដែលលក់តាមសហគមន៍ ក៏ប៉ុន្តែបើសិនជាកសិករលក់ទៅឲ្យភ្ញៀវវិញ ម្រេចខ្មៅលក់បានត្រឹមតែ៥ដុល្លារ ឬ២ម៉ឺនរៀលប៉ុណ្ណោះក្នុង១គីឡូក្រាម មានន័យថា ឈ្មួញឲ្យតម្លៃម្រេចកំពត ដូចនឹងតម្លៃម្រេចនៅបណ្ដាខេត្តផ្សេងៗដែរ ៕

Loading...
Loading...
Recently Posts