សម្លាប់​គេ​ហើយ​ខំ​គេច​មក​លាក់ខ្លួន​នៅ​​ភ្នំពេញ ស្មាន​តែ​គេច​ផុត

  • 2018-01-19 13:29:15
  • Views 107

Shares

ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី១៩ មករា នេះ ជនសង្ស័យ៣នាក់ដែលជាប់ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកមោងប្ញស្សី ត្រូវបានចាប់បញ្ជូនទៅតុលាការ បន្ទាប់ពីពួកគេលាក់ខ្លួន ហើយកម្លាំងសមត្ថកិច្ចតាមចាប់បាននៅក្នុងរាជធានីភ្នំពេញ ។

26907520_1682973771765883_8730940514955291906_n

យោងតាមប្រភពពីកម្លាំងកងរាជអាវុធហត្ថបានឱ្យដឹងទៀតថា ជនសង្ស័យទាំង៣នាក់ខាងលើនេះ ១-ឈ្មោះ ជីប ធឺន ហៅជៀប ធឿន ភេទប្រុសអាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ២- ឈ្មោះ សាយ សឹង្ហ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ខេត្តបាត់ដំបង និង៣-ឈ្មោះ វង្ស វី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

26992237_1682973781765882_2447900220927550718_n

បើតាមចម្លើយសារភាពពួកគេទាំង៣នាក់បានឱ្យដឹងថា មូលហេតុដែលវាយ និងកាប់ទៅលើជនរងគ្រោះ គឺមកពីជនរងគ្រោះជិះម៉ូតូសម្លឹងមើលមុខបក្សពួកខ្លួន ហើយជនរងគ្រោះបានចុះមកវាយពួកខ្លួនមុន ទើបពួកខ្លួនវាយ ព្រមទាំងកាប់ជនរងគ្រោះឱ្យរបួស ហើយស្លាប់តែម្តង ។

សូមរំលឹកថា កាលពីនៅវេលាម៉ោង៨និង១៤នាទីយប់ថ្ងៃទី៩ មករា នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី មានករណីឃាតកម្មមួយកើតឡើងបង្កដោយជនល្មើសមិនស្គាល់មួយក្រុម មានគ្នាចាប់ពី៥នាក់ទៅ៧នាក់ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ, កាំបិតប៉័ងតោ, កាំបិតខ្វែវ និងចបជីកដងដែក ហើយបានធ្វើសកម្មភាពវាយ និងកាប់ទៅលើដៃគូទំនាស់មួយក្រុមផ្សេងទៀតដែលមានគ្នា៥នាក់ បណ្តាលឱ្យជនរងគ្រោះឈ្មោះ ណែម ភា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឬស្សី ស្លាប់នៅនឹងកន្លែងកើតហេតុ ដោយជនល្មើសយកចបជីកដងដែកវាយចំក្បាលជាច្រើនចបជីក និង២នាក់ផ្សេងទៀតរងរបួស ១-ឈ្មោះ ទៀប ភន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង រងរបួសខ្នងធ្ងន់ធ្ងរ និង២- ឈ្មោះ មឿត រឿប ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងឬស្សី រងរបួសលើចិញ្ចើមខាងឆ្វេង ។

26951749_1682973808432546_8579871606112399436_o

ក្រោយពីធ្វើសកម្មភាពជនល្មើសបានរត់គេចខ្លួនដោយបន្សល់ទុកម៉ូតូ២គ្រឿង, កាំបិតប៉័ងតោ, កាំបិតខ្វែវ, ចបជីកដងដែក, ស្បែកជើងមួយគូរ និងមួកកន្តិប០១ ។

បច្ចុប្បន្ននេះជនល្មើសទាំង៣នាក់ដែលឃាត់ខ្លួននោះ និងវត្ថុតាង ត្រូវបានការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

Loading...
Loading...