ម៉ូតូ​ឡើង​ជែង​ទៅបុក​រថយន្ត​របួស​ខ្លួនឯង​ហើយសង​រថយន្ត​គេ​ទៀត

  • 2018-01-19 13:24:08
  • Views 112

Shares

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ដែលគេដឹងថាមានជីវភាពទីទាល់ក្រ បានរងរបួសជាទម្ងន់ព្រមទាំងបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ បន្ទាប់ពីយុវជនរូបនេះជិះម៉ូតូឡើងជែងនឹងរថយន្តមួយគ្រឿង រួចបានជ្រុលទៅបុកនឹងរថយន្តដ៏ទំនើបមួយគ្រឿងទៀត ដែលកំពុងបើកបរច្រាសទិសគ្នា ត្រូវបានម្ចាស់រថយន្តទាមទារឱ្យសងជាសំណងទៅឱ្យខ្លួនវិញ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣ និង ៤០ នាទីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី៤ ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង រវាងរថយន្ត និង ម៉ូតូក្នុងទិសដៅច្រាសគ្នា។

យោងតាមសាក្សីមួយចំនួនបាននិយាយថា នៅមុនពេលកើតហេតុ គឺមានរថយន្តមួយគ្រឿងម៉ាកលុចស៊ីស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AA . ៦៥៦៨ បើកបរដោយឈ្មោះ សាន ស៊ីនិត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានធ្វើដំណើរក្នុងទិសដៅពីភ្នំពេញទៅបាត់ដំបង។

ប្រភពដដែលបានបន្តថា ម្ចាស់រថយន្តដ៏ទំនើបខាងលើនេះ ត្រូវបានគេស្គាល់ថា គឺជាដន្លងជាមួយនឹងលោក ខាន់ ម៉ាណេ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងថែមទៀតផង ដោយគាត់គឺជាអ្នកមានស្ដុកស្ដម្ភម្នាក់។ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខ ប៉ៃលិន ១A. ៤៩២៨ ដែលបានឡើងជែងនឹងរថយន្តមួយគ្រឿងទៀត ទើបធ្វើឱ្យមានការប៉ះទង្គិចជាមួយនឹងរថយន្តនេះតែម្តង។

អ្នកបើកបរម៉ូតូដែលរបួសយ៉ាងធ្ងន់ធ្ងរនេះមានឈ្មោះ គង់ ចេក ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទួលរកា ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយត្រូវបានកម្លាំងសមត្ថកិច្ចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ដើម្បីព្យាបាល ដោយឡែកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង ក៏ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយជាក្រោយ។

នៅល្ងាចថ្ងៃដដែលនោះយើងទទួលបានព័ត៌មានថា លោក ប៉ែន ឫទ្ធី ស្នងការរងទទួលផែនសណ្តាប់ធ្នាប់បានអន្តរាគមន៍ទៅអធិការដ្ឋាន ស្នើសុំយករថយន្តនោះចេញសិនដើម្បីចូលរួមកម្មវិធីមួយនៅបាត់ដំបង ដោយសន្យាថានឹងចូលខ្លួនទៅដោះស្រាយនាព្រឹកថ្ងៃស្អែក។

នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ គេសង្កេតឃើញវត្តមានរបស់តំណាងភាគីទាំងសងខាង បានចូលខ្លួនទៅដោះស្រាយនៅក្នុងអធិការដ្ឋាន។ នៅទីបំផុតភាគីរថយន្តដែលគេស្គាល់ថាជាអ្នកមានមុខ មានមាត់ និង មានលុយផងនោះ បានទាមទារឱ្យភាគីម៉ូតូសងជាសំណងរដ្ឋប្បវេណីដល់គេវិញនូវទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀលដើម្បីបញ្ចប់ ដែលទឹកប្រាក់នេះវាតិចបំផុតសម្រាប់ភាគីរថយន្ត ប៉ុន្តែវាជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ភាគីម៉ូតូដែលសាច់ញាតិបងប្អូនចាំបាច់ដើរខ្ចីបុលគេដើម្បីចេញសំណងផង និង ទុកព្យាបាលមុខរបួសឱ្យយុវជននោះផង ប៉ុន្តែអ្វីៗត្រូវបានបញ្ចប់ទាំងស្រុងនៅព្រឹកនោះដែរ៕

26814753_1683061425090451_2886028030426721168_n
26814752_1683061431757117_3993663122780039132_n
26734408_1683061445090449_6101218469395272377_n
Loading...
Loading...