មន្ត្រី​សុខាភិបាល ​ជូនដំណឹង ​និង​អំពាវនាវ​ដល់​អាជីវករ​បញ្ឈប់​ជាបន្ទាន់​ការលក់​ឡេ​លាប​គ្មាន​រូបមន្ត​ និង​គ្មាន​ប្រភព​ច្បាស់លាស់

  • 2018-01-18 02:03:33
  • Views 95

Shares

ខេត្តសៀមរាប ៖ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ លោក ស្រី លី វណ្ណៈ ប្រធានការិយាល័យឱសថនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រោមឱវាទ ចែកសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្ត ជូនដល់អាជីវករលក់គ្រឿងសំអាងនៅផ្សារចាស់ ផ្សារសាមគ្គីនិងផ្សារលើធំថ្មី។

26904522_1681525621910698_8528730485056358277_n

សេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលលេខ២៤/១៨មសខ ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ បានបញ្ជាក់ថា តាមការស្រាវជ្រាវរបស់ក្រុមការងារត្រួតពិនិត្យឱសថចំណីអាហារនិងគ្រឿងសំអាងរបស់មន្ទីរសុខាភិបាលនិងសេចក្តីរាយការណ៍របស់អាជ្ញាធរដែនដីជាពិសេសប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ថានៅតាមផ្សារនានាក្នុងខេត្តមានលក់និងចែកចាយប្រភេទឡេលាយ ដោយគ្មានប្រភពនិងរូបមន្តច្បាស់លាស់ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែក ដូចជាប្រតិកម្មស្បែក និងក្នុងករណីធ្ងន់ធ្ងរអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត។

26804378_1681525618577365_8804566261154770856_n

ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថនិងគ្រឿងសំអាង មន្ទីរសុខាភិបាលមានវិធានការនិងស្នើដល់គ្រប់អាជីវករ ផលិតនិងលក់ឡេលាយតាមផ្សារនានាក្នុងខេត្តនិងអ្នកលក់តាមអនឡាញ សូមបញ្ឈប់ជាបន្ទាន់ នូវការដាក់តាំងលក់និងផ្សព្វផ្សាយលក់ឡេលាយដែលគ្មានប្រភពនិងរូបមន្តច្បាស់លាស់និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

បន្ទាប់ពីសេចក្តីជូនដំណឹងនេះហើយ មន្ទីរសុខាភិបាលនឹងសហការជាមួយសមត្ថកិច្ចចាត់វិធានការរដ្ឋបាលយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះអាជីវករណានៅតែបន្តលក់ឡេលាយលាបស្បែកដើម្បីជៀសវាងឲ្យបានពីផលប៉ះពាល់នៃឡេលាយដល់សុខភាពប្រជាជនក្នុងខេត្ត។

26731370_1681525625244031_9144246154779136663_n

លោកស្រី លី វណ្ណៈ ប្រធានការិយាល័យឱសថបានមានប្រសាសន៍ឲ្យដឹងក្នុងពេលចែកជូនសេចក្តីជូនដំណឹងនៅផ្សារលើធំថ្មីថា ការចែកជូនសេចក្តីជូនដំណឹងនេះ គឺអនុវត្តទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនិងសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលក៏ដូចជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីអំពីការគ្រប់គ្រងគ្រឿងសំអាង ទប់ស្កាត់ឲ្យបានការផលិត ការលក់និងធ្វើចរាចរណ៍នៅលើទីផ្សារនូវផលិតផលប្រភេទឡេលាយលាបស្បែក ដែលគ្មានប្រភពនិងរូបមន្តច្បាស់លាស់និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

លោកស្រីថា បន្ទាប់ពីចែកជូនសេចក្តីដំណឹងដោយផ្ទាល់ដល់ពួកគាត់និងជូនដំណឹងតាមប្រព័ន្ឋផ្សព្វផ្សាយមានវិទ្យុនិងទូរទស្សន៍រួចហើយ ហើយបើអាជីវករណានៅតែបន្តដាក់លក់នូវឡេលាយគ្មានរូបមន្តនិងគ្មានប្រភពច្បាស់លាស់ទៀត យើងនឹងសហការជាមួយសមត្ថកិច្ចចាត់វិធានការរដ្ឋបាលទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថនិងគ្រឿងសំអាង។

26730899_1681525601910700_3092072320390500670_n

លោកស្រីបានសំណូមពរ និង អំពាវនាវដល់អាជីវករដែលលក់ឡេលាយលាបស្បែកដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល គ្មានរូបមន្តនិងគ្មានប្រភពច្បាស់លាស់ទាំងអស់ បញ្ឈប់ជាបន្ទាន់ ជៀសវាងមានបញ្ហាប្រឈមទៅនឹងផ្លូវច្បាប់៕

Loading...
Loading...