កម្មករ​ជនជាតិ​ចិន​បង្ហូរ​កាក​សំណល់ និង​ឈាម​សត្វ​ពាសពេញ​ផ្លូវ

  • 2018-01-17 12:35:00
  • Views 128

Shares

ខេត្តព្រះសីហនុ ៖ មន្ត្រីមន្ទីររបរិស្ថានខេត្តព្រះសីហនុ ដឹកនាំដោយលោក ទេព ណូរ៉ា អនុប្រធានមន្ទីរបរិស្ថាន តំណាងឲ្យលោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្ត សហការណ៍ជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងមានការចូលរួមពីរដ្ឋបាលសាលាក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ បានចុះអនុវត្តច្បាប់ស្តីពីបរិស្ថាននៅទីតាំងស្នាក់នៅបណ្តោះអាសន្នកម្មករសំណង់ជនជាតិចិនក្រុមហ៊ុនស៊ីងហាវ ដែលមានទីតាំងស្ថិតនៅខាងក្រោយអគារខ្ពស់ជិតសាលាបឋមសិក្សាកំពេញចាស់ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ដែលកំពុងតែរងការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជុំវិញទីតាំងដែលជនជាតិចិនជួលស្នក់នៅខាងលើនោះ ដោយសារតែកម្មករជនជាតិចិនទាំងនោះបានបង្ហូរទឹកកខ្វក់ចេញពីបង្គន់ មានក្លិនស្អុយឆ្អេះឆ្អាបពេសវាលពេសកាល ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធផ្លូវដង្ហើម និងសុខភាព ។

ហើយមួយវិញទៀត ក្នុងព្រឹត្តការណ៍ដែលបានស្តែងចេញឲ្យឃើញពីសកម្មភាពមួយចំនួនគឺនៅពេលពួកគេសម្លាប់សត្វជ្រូក ឬសត្វគោធ្វើម្ហូបម្តងៗ បានបង្ហូរឈាមសត្វក្រហមច្រាលឲ្យហូរពាសពេញតាមដងផ្លូវសាធារណៈ ដែលសិស្សសាលាបឋមសិក្សាក្នុងវ័យតូចៗឆ្លងកាត់ធ្វើឲ្យអារម្មណ៍របស់ពួកគេមានភាពតក់ស្លុត និងភ័យខ្លាចយ៉ាងខ្លាំង ។

បងប្អូនប្រជាពលរដ្ឋ អាព្យាបាលសិស្សនៅសាបឋមសិក្សាខាងលើបានសំណូមពរយ៉ាងទទូចដល់អាជ្ញារធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធគួរមានវិធានការឲ្យបានសមរម្យ សម្រាប់ការស្នាក់នៅលើទីតាំងខាងលើដើម្បីរក្សាបរិស្ថាន និងសុខភាពប្រជាពលរដ្ឋនៅចំណុចខាងលើ ឲ្យបានល្អរប្រសើរឡើងវិញ និងសក្តិសមជាទីក្រុងទេសចរណ៍ ។

លោក ទេព ណូរ៉ា អនុប្រធានមន្ទីរបរិស្ថាន និងតំណាងប្រធានមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តព្រះសីហនុ ក៏ដូចជារដ្ឋបាលសាលាក្រុងបានឲ្យដឹងថា ការស្នាក់នៅរបស់កម្មករជនជាតិចិន និងអ្នកគ្រប់គ្រងទីតាំងស្នាក់នៅរបស់កម្មករជនជាតិចិនខាងលើនេះ គណៈកម្មការរដ្ឋបាលសាលាក្រុងព្រះសីហនុ និងមន្ទីរជំនាញពាក់ព័ន្ធបានធ្វើការអប់រំណែនាំអំពីការគ្រប់គ្រងកាកសំណល់រាវ សំណល់រឹង និងបន្ទប់អនាម័យមានដូចជា អាងស្តុកលាមក និងមានអាងចម្រោះពេលប្រើប្រាស់ពេញត្រូវយករថយន្តបូមស្តារ មិនមានការបង្ហូរពាសវាលពាសកាលដូចនេះទេ ដែលជាការបង្កហេតុប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរៗនោះ ។

ប៉ុន្តែទាំងកម្មករ និងអ្នកគ្រប់គ្រងទីតាំងស្នាក់នៅខាងលើមិនអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញឡើយ ។ ប្រភពខាងលើបានបន្តឲ្យដឹងបន្ថែមទៀតថា ដើម្បីឲ្យសកម្មភាពក្រុមគណៈកម្មការរដ្ឋបាលសាលាក្រុងព្រះសីហនុ និងមន្ទីរជំនាញអនុវត្តការងារទទួលបាននូវប្រសិទ្ធភាព បន្ទាប់ពីអ្នកគ្រប់គ្រងទីតាំងខាងលើមិនអនុវត្តទៅតាមការណែនាំកន្លងមក ក្រុមគណៈកម្មការខាងលើ បានធ្វើកំណត់ហេតុ ធ្វើការផាកពិន័យជាទឹកប្រាក់ទៅតាមច្បាប់ស្តីពីបរិស្ថានដែលរងការខូចខាត និងប៉ះពាល់ហើយអប់រំណែនាំដល់កម្មករ និងអ្នកគ្រប់គ្រងត្រូវតែចូលរួមគោរពច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ៕

26730801_1680871215309472_8541497689944702192_n
26814489_1680871231976137_8494109256493694644_n
26814973_1680871225309471_3460911252851004323_n
26805122_1680871238642803_5722958691708984160_n
26805103_1680871245309469_7193631745681813019_n
Loading...
Loading...