ស្នេហាលោកមេជាងសំណង់ ពិតជា​ពុះកញ្ជ្រោលខ្លាំង​​មែន !

  • 2018-01-15 13:05:01
  • Views 199

Shares

រាជធានីភ្នំពេញ ៖ មេជាងសំណង់ម្នាក់ ដែលបានទាក់ទងអ្នកមេម៉ាយកូន២ រហូតបានខ្លួនប្រាណ ហើយចង់បោះបង់ ដោយសារបាត់លែងឃើញមុខធ្វើឲ្យនាងខឹងសម្បារតាមទៅរកដល់ផ្ទះ ជួបប្រពន្ធដើម ក៏ទាស់ពាក្យសម្តីគ្នាបែកផ្សែង ក៏យកដុំថ្មគប់ប្រពន្ធដើមបែកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៣ មករា ស្ថិតនៅក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ បុរសដែលមានប្រពន្ធហើយទៅលួច«សៅគ្រី»ម្នាក់ទៀតនេះឈ្មោះ ចន សុភ័ក្រ អាយុ៣០ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅផ្ទះកន្លែងកើតហេតុ ។ ប្រពន្ធដើមមានឈ្មោះ ខឿន ណារី អាយុ៣២ឆ្នាំ មានកូនស្រី២នាក់រស់នៅក្នុងបន្ទុក ។

ចំណែកឯអ្នកមេម៉ាយខកខ្លួននឹងបានប្រកាសថា ខ្លួនជាប្រពន្ធចុងមានឈ្មោះ មាស ស្រីនាង អាយុ៤២ឆ្នាំ តែជាស្ត្រីសាច់ចាំ មិនចាញ់សម្រស់ប្រពន្ធដើមដែលមានវ័យក្មេងទេ គឺស្អាតមួយបែបម្នាក់ និងជាមេម៉ាយស្តុក មានមុខរបរនៅផ្ទះ កូនប្រុស២នាក់ មានទីលំនៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីជាប្រពន្ធដើម បានឲ្យដឹងថា គាត់មិនច្បាស់ការណ៍ថា ប្តីរបស់គាត់ទៅលួចលាក់ស្នេហាជាមួយអ្នកមេម៉ាយខាងលើពីពេលណានោះទេ ហើយស្នេហាស៊ីជម្រៅដល់កម្រឹតណានោះក៏មិនបានដឹងច្បាស់ដែរ ក៏ប៉ុន្តែតាមអ្វីដែលគាត់ដឹង ប្តីរបស់គាត់ធ្លាប់ទៅធ្វើរបងផ្ទះឲ្យអ្នកមេម៉ាយខាងលើនោះ ហើយមិនដឹងថាយ៉ាងម៉េច បានជាប្តីរបស់គាត់ទៅលង់នឹងសម្រស់ ស្ត្រីខាងលើវ័យរហូតជាង៤០ប្លាយឆ្នាំទៅហើយ ។

ស្ត្រីជាប្រពន្ធនិយាយទៀតថា សង្ស័យនៅផ្ទះហូបតែសម្លម្ជូរពេកក៏មិនដឹង ទើបប្តីគាត់ចង់ប្លែកមាត់ តែកន្លះខែកន្លងមកនេះប្តីរបស់គាត់ ប្លែកទាំងសម្តីសម្តៅ និងនិយាយទូរស័ព្ទដូចជាលាក់លៀម ហាក់បីដូចជាមានរឿងអាថ៌កំបាំង ។ គាត់ថា ទោះជាយ៉ាងណាក៏ដោយ អ្វីដែលលោកប្តីលួចសាងស្នេហ៍នោះ លាក់មិនជិតឡើយ ក្រោយពីបែកធ្លាយរឿងតាមរយៈទូរស័ព្ទ ដែលស្ត្រីនោះទូរស័ព្ទមកប្តីរបស់គាត់ ពេលប្តីគាត់ជាប់រវល់ គាត់ក៏លើកទទួលជំនួស ស្រាប់តែស្ត្រីនោះអះអាងថា ខ្លួនជាប្រពន្ធទៅវិញ ទើបកើតទៅជារឿងងឿងឆ្ងល់ ។ ព្រោះលោកប្តីដែលខ្លួនដេកឱបនឹងដើមទ្រូងរាល់យប់សោះ ចុះហេតុអ្វីបានជាមានអ្នកផ្សេង មកអះអាងថាត្រូវជាប្រពន្ធទៅវិញ ។

ប្រពន្ធដើមរៀបរាប់ទៀតថា អាថ៌កំបាំងលួចលាក់របស់ប្តីត្រូវបានបែកការណ៍ ដឹងហើយថាលួចមានប្រពន្ធចុង តែមិនដែលឃើញមុខ ទើបតែនៅរសៀលថ្ងៃទី១៣ មករា នេះឃើញស្ត្រីខាងលើ មកផឹកស៊ីនៅហាងមុខផ្ទះ តែមិនបានចាប់អារម្មណ៍ទេ ។ លុះដល់វេលាម៉ោង៩យប់ថ្ងៃដដែលនេះ ស្ត្រីរូបនេះស្ថិតក្នុងសភាពស្រវឹង បែរជាមករករឿងគាត់ដល់ក្នុងផ្ទះទៅវិញទាមទារសុំយកប្តី ធ្វើឱ្យគាត់ស្រឡាំងកាំងចង់ភាំងបន្តិច ចង់សន្លប់បន្តិច ក្រោយពីមានស្រីផ្សេងមកសុំយកប្តីរបស់គាត់ ។ ក្រោយការប្រទុស្តរ៉ាយសម្តីគ្នាទៅវិញទៅមក ស្រាប់តែស្ត្រីនោះស្រវារទាញបានដុំថ្មគប់សម្តៅគាត់ជាប្រពន្ធដើមបណ្តាលឲ្យរងរបួសបែកក្បាល បង្កឲ្យផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ឃាត់ហៅទាំងជនរងគ្រោះ ទាំងជនបង្កទៅសម្របសម្រួលនិយាយគ្នានៅប៉ុស្តិ៍ប៉ូលិស រឿងបង្កហិង្សាមួយវគ្គនេះ ចំណែករឿងស្នេហា ត្រីកោណ ទុកមួយឡែកសិន ។ ដោយឡែកខណៈដែលរឿងរ៉ាវសង្គ្រាមស្នេហាខាងលើផ្ទុះឡើង ភាគីខាងតួអង្គប្រុសបានគេចខ្លួនបាត់ ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីបង្កបានឲ្យដឹងថា រឿងស្នេហាខាងលើនេះ ទាល់តែទម្ពក់វាទៅទើបព្នៅវាមក ។ គាត់ថាបានស្រឡាញ់គ្នាជាមួយបងមេជាងសំណង់ អស់រយៈពេលជាង១ខែមកហើយ ។ គាត់ថាគ្រាដើមផ្តើមស្នេហ៍ ខណៈដែល លោកបងជាងសំណង់ទៅធ្វើរបងផ្ទះគាត់នៅភូមិសំរោង សង្កាត់សំរោងក្រោម។ ក្នុងការងាររបស់ជាងបណ្តើរ និយាយលេងបណ្តើរ សាកសួរទៅ លោកបងមេជាងប្រាប់ថា ខ្លួននៅទំនេរ
«ពោះម៉ាយ» ។ គិតថា កាលបើលោកពោះម៉ាយប៉ះជាមួយអ្នកមេម៉ាយ ក៏គ្មានអ្វីខុសទាស់ដែរ ។ ការផ្តល់កម្លាំងចិត្តឲ្យជាងកំពុងធ្វើរបងផ្ទះ កាន់តែស៊ីជម្រៅ ឈានដល់បង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា ដោយសំអាងចាំពាក្យថា «ពោះម៉ាយ» ម្យ៉ាងខ្លួនក៏ជាមេម៉ាយទុកនៅយូរនាំជូរផ្អូម ទើបហ៊ានប្រគល់ខ្លួនបង់ប្រាណឲ្យលោកមេជាងសំណង់ម្តងហើយម្តងទៀត មិននឹកស្មានថា លោកប្តីក្នុងក្តីស្រមៃបែរជាធ្លាយសម្តីប្រាប់ថា មានកូនមួយកូនពីរទៅវិញ ។ លើកក្រោយប្រាប់ថា មានប្រពន្ធមានកូន ។

គាត់ថា បើភាគីខាងប្រុសប្រាប់ថាមានប្រពន្ធ មានកូន២ អ្វីៗវាជ្រុលអស់ទៅហើយ អង្ករមិនត្រឹមក្លាយជាបាយនោះទេ វាចង់ទៅជាបាយក្រៀមខ្លោចទៅទៀត ទើបក្នុងរយៈពេល៣ថ្ងៃមកនេះ គាត់តាមមករកម្តុំភូមិដំណាក់ផ្ទួនៗគ្នា តាមរកលោកបងជាងសំណង់ តែមិនឃើញ មិនដឹងថាចង់ដោះដៃ ឬយ៉ាងណានោះទេ បានខ្លួនបានប្រាណហើយចង់គេចក៏មិនដឹង ។

គាត់ថា លុះមកដល់រសៀលថ្ងៃទី១៣ មករានេះ គាត់មកផ្ទះពេទ្យធ្មេញ នៅក្នុងភូមិដំណាក់រហូតចូលហាងផឹកស៊ីតាំងពីថ្ងៃរសៀលរហូតដល់យប់ដើម្បីរង់ចាំមើលផ្លូវប្រុសបង ។ យូរពេកក៏ដើរទៅសួរដល់ក្នុងផ្ទះប្រទះពាក្យសម្តីកើតជម្លោះ ជ្រុលដៃគប់នឹងដុំថ្ម បែកក្បាលស្ត្រីជាប្រពន្ធដើមអ៊ីចឹងទៅ ។ភាគីទាំង២ ក្រោយកើតជម្លោះបង្កឲ្យមានរបួសស្នាមទៅលើភាគីប្រពន្ធដើម ប៉ូលិសហៅចូលប៉ុស្តិ៍សម្របសម្រួលគ្នារឿងហិង្សា ។

ទីបំផុតភាគីបង្កសងចេញថ្លៃព្យាបាលរបួសចំនួន១០ម៉ឺនរៀល ដើម្បីបញ្ចប់រឿងហិង្សា ។ ដោយឡែក ចំពោះរឿងស្នេហាអាថ៌កំបាំងយ៉ាងណានោះ ទុកឲ្យភាគីទាំង៣ក្នុងរឿង ជាអ្នកដោះស្រាយពេលក្រោយ ក្នុងហេតុផលមួយ អ្នកណាចង អ្នកនោះជាអ្នកស្រាយ ៕

26814575_1679083862154874_3869645105228500799_n
26231393_1679083875488206_649806616269071868_n
26733699_1679083908821536_3036436022595123124_n
Loading...
Loading...
Recently Posts