ដំរីថៃ​១ក្បាលនេះ ដាច់អហង្ការអត់ព្រមទៅស្រុក​វិញ

  • 2018-01-11 12:01:02
  • Views 89

Shares

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ដំរីថៃដ៏ធំ១ក្បាលបានឆ្លងព្រំដែនចូលមកកម្ពុជាកាលពីព្រលប់ថ្ងៃទី១០ មករា ត្រង់ចំណុចភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានបង្កភ្ញាក់ផ្អើលដល់ពលរដ្ឋកម្ពុជា ព្រោះដំរីនេះធំណាស់ ។

26239334_1675315932531667_892229440352893133_n

តាមព័ត៌មានពីបន្ទាត់ព្រំដែនប្រាប់ឱ្យដឹងទៀតថា ដំរី១ក្បាលនេះមកពីតំបន់អភិរក្សមួយ ក្នុងខេត្តឆាក់ឆឺនសៅ ហើយថាមុនឆ្លងដល់កម្ពុជា អាជ្ញាធរនិងសមត្ថកិច្ចថៃបានឱ្យពលរដ្ឋរបស់គេ យកត្រាក់ទ័រជាច្រើនគ្រឿងដាក់ពង្រាយបិទផ្លូវ ខណៈមកដល់ជិតព្រំដែនក្នុងភូមិខ្លងវ៉ា ឃុំថាប់ព្រិក ស្រុកអារញ្ញ ដើម្បីទប់ស្កាត់ដំរីនោះឆ្លងមកកម្ពុជា តែដំរីនោះហាក់ចេះជាងមនុស្សបានដើរវៀងគ្រឿងចក្រ ឆ្លងមកកម្ពុជាទាល់តែបាន ។

26229838_1675315942531666_3074590622096172969_n

តាមលោកប៊ុន គុណ មេប៉ុស្តិ៍ចំបក់នៃនគរបាលការពារព្រំដែនគោកលេខ815 បានប្រាប់តាមទូរស័ព្ទក្រោយឆ្លងដល់កម្ពុជាថា ដំរី១ក្បាលនោះបានចូលស៊ីចេកពលរដ្ឋអស់ជាច្រើនក្នុងភូមិអូរល្វា ហើយនៅម៉ោងជាង១២រសៀលថ្ងៃទី១១ មករា ដំរីនេះស្ថិតនៅម្តុំភ្នំវែង ក្នុងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ។

លុះដល់ម៉ោងជាង០៣រសៀលថ្ងៃដដែលនេះ ដំរីនោះបានស្ថិតនៅចំណុចភ្នំយាយសំ ឃុំទួលពង្រ ជិតព្រំប្រទល់ ក្រុងប៉ោយប៉ែត ។ មេប៉ុស្តិ៍បន្តថា មន្ត្រីអភិរក្យសត្វព្រៃរបស់ថៃនៅព្រឹកថ្ងៃដដែល បានចូលមកកម្ពុជា ដើម្បីទំនាក់ទំនងតាមរកដំរី១ក្បាលនេះ ដើម្បីបាញ់ឱ្យសន្លប់យកទៅវិញតាមច្រកតំបន់ម៉ាឡៃ ។

លោកមេប៉ុស្តិ៍បញ្ជាក់ថា អ្នកដេកស៊ីឈ្នួលដកដំឡូងតាមចម្ការ នាំគ្នារត់ប្រសាចកាលពីយប់មិញ ហើយអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជា ក៏បានប្រកាសឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នផងដែរ ៕

Loading...
Loading...