គ្រូ​បង្រៀន​ម្នាក់​ បើក​ម៉ូតូ​ដឹក​កូន​ទៅ​រៀន ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​ក្រុង ​ដួល​ចូល​ក្រោម​ឡាន​កិន​បែក​ក្បាល​ស្លាប់

  • 2018-01-11 06:59:34
  • Views 427

Shares

ភ្នំពេញ ៖ បុរសជាគ្រូបង្រៀនម្នាក់ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យព្រះកេតុមាលា និងកូនប្រុសអាយុ១១ឆ្នាំម្នាក់ បានរងរបួសស្រាល ខណៈគាត់បានបើកម៉ូតូដឹកកូនទៅសាលារៀន ក៏ទាក់ដៃចង្កូតជាមួយរថយន្តក្រុងបណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តកិនចំក្បាល រងរបួសធ្ងន់រហូតដល់ស្លាប់ កាលពីវេលាម៉ោង៦ និង ៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៏ទី១០ ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រោយមន្ទីរពេទ្យព្រះកេតុមាលា លើផ្លូវព្រះស៊ីសុវត្ថិ ក្នុងភូមិ១៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

26230910_1675172132546047_1769456668356879288_n

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខឹម ចាន់ដារា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មុខរបរគ្រូបង្រៀន (បានស្លាប់នៅមន្ទីរពេទ្យព្រះកេតុមាលា) ជិះម៉ូតូម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខ 1GB-4994 ភ្នំពេញ។ ចំណែករថយន្ដបង្កប្រភេទរថយន្តក្រុងដឹកអ្នកដំណើរ២៥កៅអី ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 3D.9578 ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់។

26230882_1675172139212713_9105901573244846964_n

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា PCX ពណ៌ស ដឹកកូនប្រុសម្នាក់មានអាយុ១១ឆ្នាំ គោលបំណងទៅរៀននៅសាលាចតុមុខ ដោយធ្វើដំណើរតាមផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុក៏បានទាក់ដៃចង្កូតជាមួយរថយន្តក្រុងដឹកអ្នកដំណើរ បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តកិនចំពីលើក្បាល ដែលគាត់ពាក់មួកការពារផងដែរនោះ បណ្ដាលឲ្យបែកមួករងរបួសធ្ងន់។

ប្រភពព័ត៌មានបានបន្តថា ភ្លាមៗនោះ ប្រជាពលរដ្ឋនៅក្បែរដែលបានឃើញហេតុការណ៍ ក៏នាំគ្នាជួយលើកជនរងគ្រោះចូលទៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ដើម្បីសង្គ្រោះបន្ទាន់ តែពេលទៅដល់ក្រុមគ្រូពេទ្យប្រាប់ថា បានស្លាប់បាត់ទៅហើយ។

26733457_1675172145879379_8795795151759614160_n

ក្រោយកើតហេតុ នគរបាលមូលដ្ឋានបានប្រគល់ឲ្យនគរបាលចរាចរណ៍ក្រុងធ្វើការវាស់វែងយករថយន្ដ និង ម៉ូតូទៅរក្សាទុកនៅការិយាល័យ ដើម្បីរង់ចាំភាគីខាងរថយន្តបង្កចូលខ្លួនដោះស្រាយតាមច្បាប់ បើទោះបីអ្នកបើករថយន្ដបានរត់គេចខ្លួនបាត់ក៏ដោយនោះ។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

Loading...
Loading...