គ​.​ជ​.​ប ណែនាំ​ពីកិច្ចការពារ​សន្តិសុខ​នៃ​ការបោះឆ្នោត​ព្រឹទ្ធសភា

  • 2018-01-10 13:02:06
  • Views 42

Shares

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញប្រកាស អំពីសេចក្តីណែនាំ អំពីការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ ក្នុងនោះ ខេត្តនីមួយៗ ត្រូវបង្កើតក្រុមការងារចម្រុះមួយ ប្រជុំ ដឹកនាំដោយសហប្រធាន ជាប្រធានគណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោត និងអភិបាលខេត្តរាជធានី ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅថ្ងៃបោះឆ្នោត។

26219342_1674252985971295_1297801068005827971_n

សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ បង្ហាញថា គជប បានចេញសេចក្តីណែនាំដល់ប្រធានគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត ( គធ.ខប ) ឲ្យមានកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។

តាមគជប សេចក្តីណែនាំលេខ០០១ ដែលចុះហត្ថលេខាដោយលោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ បានសង្កត់ធ្ងន់ជាអាទិ៍ថា "ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបរិយាកាសនយោបាយល្អ ស្ងប់ស្ងាត់ អព្យាក្រឹត និងយុត្តិធម៌ ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ប្រធាន គធ.ខប ត្រូវធ្វើការយ៉ាងយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ និងត្រូវមានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្នុងមួយសប្តាហ៍ម្តង ឬអាចច្រើនជាងនេះ ប្រសិនបើមានការចាំបាច់"។

តាមគ.ជ.ប សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន៖ -ប្រធាន គធ.ខប ជាសហប្រធាន -អភិបាលរាជធានីខេត្ត ឬតំណាង ១រូប ជាសហប្រធាន -តំណាង ១រូបៗ នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងរាជធានីខេត្ត នៃមណ្ឌលភូមិភាគនីមួយៗ ជាសមាជិក -តំណាង ១រូបៗ នៃអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ក្នុងរាជធានីខេត្ត នៃមណ្ឌលភូមិភាគនីមួយៗ ជាសមាជិក -ស្នងការនគរបាលរាជធានីខេត្ត ឬតំណាង ១ រូប ជាសមាជិក។ គ.ជ.ប ក៏បានក្រើនរម្លឹកដល់ប្រធានគណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោត គធ.ខប ត្រូវយកចិត្តទុកដាក់អនុវត្តនូវសេចក្តីណែនាំនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

សូមរម្លឹកថា ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ នឹងធ្វើឡើង នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានគណបក្ស ៤ ចូលរួមការបោះឆ្នោតនេះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ ការបោះឆ្នោតព្រឹទ្ធសភា ធ្វើឡើងជាអសកល ដោយមានតែអ្នកតំណាងរាស្ត្រ ១២៣ រូប និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ១១៥៧២ នាក់ ជាអ្នកបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា ៥៨ រូប។

សមាជិកព្រឹទ្ធសភា នីតិកាលទី៤ មានចំនួន ៦២ រូប។ ក្នុងនោះ ៥៨ រូប ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល ២ រូប តែងតាំងដោយព្រះមហាក្សត្រ និង ២រូបទៀត ជ្រើសតាំងពីរដ្ឋសភា៕

Loading...
Loading...