អស្ចារ្យ ! រកឃើញបំណែកបដិមាជាច្រើននៅក្នុងបរិវេណប្រាសាទទន្លេស្ងួត

  • 2018-01-05 09:24:14
  • Views 64

Shares

ខេត្តសៀមរាប ៖ គម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) រួមជាមួយនឹង វិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ នៃប្រទេសសិង្ហបុរី (ISEAS) បានរួមគ្នាធ្វើកំណាយស្រាវជ្រាវនៅក្នុងបរិវេណប្រាសាទទន្លេស្ងួតរកឃើញបដិមាទ្វារបាលដែលមានចំនួន០៦បំណែក មានព្រះកេស ដងខ្លួន បំណែកដៃ ជើង និងក្រវិល ដែលបច្ចុប្បន្នកំពុងជួសជុល និងអភិរក្សដោយក្រុមការងារអភិរក្ស និងជួសជុលវត្ថុសិល្បៈ ហៅកាត់ថា I.T.A.L.I.A នៃអាជ្ញាធរជាតិអប្សរា ។

លោក ឮ ចាន់ណូរ៉ា បុគ្គលិកជំនាញផ្នែកជួសជុល និងអភិរក្សថ្មមកពីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងជាសមាជិកនៃក្រុមអ៊ីតាលីយ៉ាប្រចាំការនៅមន្ទីរពិសោធន៍ក្នុងអភិរក្សដ្ឋានអង្គរបានឱ្យដឹងថា មុនពេលទទួលបានរូបចម្លាក់ទ្វារបាលពីសារមន្ទីរព្រះសីហនុ-អង្គរ ក្រុមការងារបានធ្វើការសិក្សាទាក់ទងនឹងប្រវត្តិរបស់វត្ថុសិល្បៈបានគូររូបទាក់ទងនឹងក្បាច់លម្អ និងការខូចខាតរបស់បដិមា ។ បន្ទាប់មកប្រើម៉ាស៊ីនម៉ាយក្រូស្កុប (Microscope) ដើម្បីដឹងពីការខូចខាតលើផ្ទៃ ការពុកផុយផ្នែកខាងក្នុង និងវត្ថុធាតុដែលជាប់លើផ្ទៃបដិមា ។

បន្ថែមពីនោះក្រុមការងារក៏ធ្វើការវិភាគលម្អិតលើវត្ថុផ្សេងៗដែលជាប់នឹងបដិមាត្រង់ផ្ទៃខាងលើ កម្រិតការខូចខាតនៃថ្មផ្នែកខាងក្នុង វាស់សីតុណ្ហភាព និងសំណើមរបស់ថ្ម និងបរិស្ថានជុំវិញបដិមា រួមនឹងបំណែកវត្ថុសិល្បៈនីមួយៗផងដែរ ។

ការជួសជុសត្រូវបានបែងចែកជា២វគ្គ គឺការសម្អាត (Cleaning Treatment) និងការជួសជុល (Intervention) ។ មុនសម្អាតចាំបាច់ធ្វើការសាកល្បងលើវត្ថុធាតុមួយចំនួនមានដូចជា ក្រដាសជប៉ុន (Japanese paper), Compress (ម្សៅក្រដាសលាយម្សៅដីឥដ្ឋ) និង Algar Algar gel ដើម្បីពិនិត្យមើលលទ្ធភាព ប្រសិទ្ធភាពនៃការសម្អាត និងបង្ការផលប៉ះពាល់ដល់សាច់ថ្មដែលកំពុងពុកផុយ ។

ផ្អែកតាមលទ្ធផលសម្អាតសាកល្បងទាំងធូលី និងអំបិលក្នុងរន្ធថ្មត្រូវបានសម្អាតនៅត្រង់ចំណុចបែកដើម្បីរក្សាគុណភាពថ្មបានយូរនៅពេលតភ្ជាប់រួចរាល់ ។ រីឯផ្ទៃខាងក្រៅគឺសម្អាតតែធូលី និងស្នាមប្រឡាក់ដែលដិតជាប់ប៉ុណ្ណោះ ព្រោះដើម្បីរក្សាភាពដើម និងតម្លៃបុរាណវិទ្យានៃបដិមា ។

ម្យ៉ាងទៀតក៏ដើម្បីបង្ហាញថា បដិមានេះត្រូវបានរកឃើញដោយកំណាយបុរាណវិទ្យា ។ បច្ចុប្បន្នការសម្អាតបានប្រហែល៥០% លុះសម្អាតរួចរាល់អ្នកជំនាញនឹងធ្វើការសម្លាប់ប្រភេទពួកស្លែជីវសាស្ត្រដោយប្រើ Biocide ពង្រឹងផ្នែកពុកផុយ និងផ្នែកត្រូវតភា្ជប់ ។ ឯការតភ្ជាប់ឡើងវិញត្រូវបិទបាយអបំពេញស្នាមប្រេះ និងផាត់ពណ៌បន្ស៊ី ។

លោក ណូរ៉ា បានបញ្ជាក់បន្ថែមថា យើងមិនអាចកំណត់កាលបរិច្ឆេទនៃការរួចរាល់បាននោះទេពេលនេះ ព្រោះការងារទាំងនេះត្រូវការពេលវេលាយូរដើម្បីធ្វើការសិក្សា និងជួសជុលដោយប្រុងប្រយ័ត្នបំផុត ៕

26221152_1669015003161760_8049188780339446753_o
26196395_1669014996495094_2524243796812707173_n
26195648_1669015006495093_8170899685304460359_n
26172746_1669015029828424_4665647235019431189_o
26169416_1669015039828423_7897663245672190055_n
26167982_1669015106495083_8142426082626357042_n
26230563_1669015036495090_3457031885487684874_n
26239350_1669015079828419_6914675246163945946_n
Loading...
Loading...