ខ្ចីម៉ូតូគេជិះ ចង់ស៊ីដាច់ត្រូវសមត្ថកិច្ចខេត្តសៀមរាបក្របួចជាប់
- 2017-11-30 00:52:12
- Views 207
ខ្ចីម៉ូតូគេជិះ ចង់ស៊ីដាច់ត្រូវសមត្ថកិច្ចខេត្តសៀមរាបក្របួចជាប់
ខេត្តសៀមរាប ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង កម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង បានសហការគ្នា ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីឆបោកម៉ូតូ ដោយខ្ចីជិះទៅទិញបារី ស្រាប់តែយកទៅបាត់ ប្រឹងរត់ពីខេត្តកំពង់ចាម មកខេត្តសៀមរាប ក៏ត្រូវជាប់អន្ទាក់សមត្ថកិច្ចតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី.១/ឈ្មោះ ខាត់ ខាវ ភេទប្រុស អាយុ២១ឆ្នាំ។ទី.២/ឈ្មោះជឹម រ៉ា ភេទប្រុស អាយុ២២ឆ្នាំ អ្នកទាំងពីររស់នៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយខេត្តកំពង់ចាម។
ពួកគេបានធ្វើសកម្មភាព រំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ)មួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ លេខតួនិងលេខម៉ាស៊ីន៩៧៣០៨៦៤ គ្មានស្លាកលេខ របស់ជនរងគ្រោះឈ្មោះ សរ ម៉ាលីស ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលត្រូវបានជនសង្ស័យទាំងពីរនាក់ខាងលើ បានខ្ចីជិះទៅទិញបារីមួយភ្លែត ទៅបាត់មិនឃើញត្រឡប់យកម៉ូតូឲ្យវិញទេ។
សមត្ថកិច្ចបន្ថែមថា លុះនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៩និង០០នាទី ជនសង្ស័យទាំងពីរអ្នកខាងលើ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនិងកម្លាំងផែនសន្តិសុខខេត្តសៀមរាបយើងចាប់បានធ្វើការឃាត់ខ្លួននិងដកហូតម៉ូតូមកវិញ នៅ ចំណុចជិតធនាគារអេស៊ីលីដា ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។
នៅថ្ងែទី២៩ វិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចបានប្រគល់ជនសង្ស័យទាំងពីរនិងវត្ថុតាង ទៅឲ្យកម្លាំងអធិការដ្ឋានស្រុកបាធាយ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕