​អតីត​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងកើត ក្លាយជាកន្លែង​បូម​ខ្សាច់ និង​ដាក់​លក់​ខ្សាច់

  • 2017-11-24 13:42:44
  • Views 162

Shares

ខេត្តព្រៃវែង ៖ អតីតកំពង់ចម្លងអ្នកលឿង គឺជាទីតាំងប្រវត្តិសាស្ត្រមួយ នៅក្នុងចំណោមទីតាំងប្រវត្តិសាស្ត្រជាច្រើនទៀតរបស់កម្ពុជាដែលគេមិនត្រូវមើលរំលង ហើយត្រូវតែនាំគ្នាការពារ បើទោះបីជាបច្ចុប្បន្ននេះ សកម្មភាពចម្លងអ្នកដំណើរឆ្លងទន្លេសាឡាងត្រូវបានបញ្ចប់ ជំនួសដោយស្ពានហ្សឹបាសាក៏ដោយ ។

ប្រជាពលរដ្ឋជាច្រើននៅក្នុងតំបន់អ្នកលឿងកំពុងតែមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងនៅពេលឃើញមានគេយកទីតាំងប្រវត្តិសាស្ត្រមួយនេះ គឺកំពង់ចម្លងអ្នកលឿងត្រើយខាងកើត ដែលស្ថិតក្នុងភូមិ៤ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ធ្វើជាកន្លែងលក់ខ្សាច់ និងបូមខ្សាច់ពីក្នុងទន្លេមេគង្គដាក់លក់ទៅវិញ ដែលវាបង្ហាញថា ទីតាំងប្រវត្តិសាស្ត្រមួយនេះទំនងត្រូវបានក្លាយទៅជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ហើយ មើលទៅ ។

សមត្ថកិច្ចមូលដ្ឋានបង្ហើបឲ្យដឹងថា អ្នកដែលយកទីតាំងនេះធ្វើជាកន្លែងបូមខ្សាច់ និងលក់ខ្សាច់នោះមានឈ្មោះ អ៊ូ រតនា ហៅ ប្រុសជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដែលមានផ្ទះនៅក្បែកំពង់ចម្លងអ្នកលឿងត្រើយខាងកើតនោះតែម្តង ។

ភ្នាក់ងារយកពត៌មានបានជួបសម្ភាសលោក អ៊ូ រតនា ហៅ ប្រុស ហើយលោកបានបកស្រាយបញ្ជាក់ប្រាប់ថា ការបូមខ្សាច់ និងដាក់លក់ខ្សាច់នៅចំណុចទីតាំងអតីតកំពង់ចម្លងអ្នកលឿងនេះ គឺលោកធ្វើដោយខ្លួនឯង ហើយគ្មានលិខិតអនុញ្ញាតិ ឬឯកសារច្បាប់អ្វីពីអាជ្ញាធរស្រុក និងមន្ត្រីជំនាញរ៉ែនោះទេ ប៉ុន្តែពេលលោកធ្វើក៏មិនឃើញមានអ្នកណាមកហាមឃាត់ដែរ ជាពិសេសរឿងទីតាំងនេះគឺលោកបានសុំការអនុញ្ញាតិពីម្ចាស់ទីតាំងរួចហើយ….!តើម្ចាស់ទីតាំងនោះជានរណា?

ពាក់ព័ន្ធ និងបញ្ហានេះត្រូវបានលោកស្រី ស្រេង ទៀង អភិបាលស្រុកពាមរក៌បញ្ជាក់ប្រាប់ឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះថា លោកស្រីមិនបានដឹងទេ រឿងគេយកទីតាំងអតីតកំពង់ចម្លងអ្នកលឿង ធ្វើជាកន្លែងលក់ខ្សាច់នោះ លោកស្រីសូមអរគុណអ្នកព័ត៌មានហើយ ដែលបានផ្តល់ពត៌មាននេះ ហើយលោកស្រីនឹងចុះទៅពិនិត្យមើលដោយផ្ទាល់ តើគេធ្វើនោះមានច្បាប់អនុញ្ញាតិពីណាខ្លះ ។ យី ! ដល់ម្លឹងផង នៅក្រោមភ្នែកសោះមើលអត់ឃើញ ៕

23825931_1627091684020759_6573305353630050815_o
23795775_1627091720687422_3447890193765466089_n
23755719_1627091727354088_6462469182223205348_n
23915564_1627091740687420_5421318685967095445_n
Loading...
Loading...