បុកក្មេងប្រុសម្នាក់ស្លាប់ហើយ អ្នកបើកបររត់គេចខ្លួនបាត់
- 2017-11-13 00:39:04
- Views 209
បុកក្មេងប្រុសម្នាក់ស្លាប់ហើយ អ្នកបើកបររត់គេចខ្លួនបាត់
ខេត្តកំពង់ចាម ៖ ក្មេងប្រុសម្នាក់ឈ្មោះ សឹង សុខលាភ អាយុ៩ឆ្នាំ នៅភូមិស្រម៉ ឃុំស្រម៉ ស្រុកជើងព្រៃកំពុងតែជិះកង់នៅលើផ្លូវជាតិលេខ៦ ត្រូវបានរថយន្ត១គ្រឿងម៉ាកស៊ីណា ពាក់ស្លាកលេខភ្នំពេញ2AJ-1857 មកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង១០និង២០នាទីព្រឹក ថ្ងៃទី១២ វិច្ឆិកា ២០១៧ ក្រោយពីកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ។ លោកវរសេនីយ៍ ឯក ប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃ ប្រាប់ឲ្យដឹងថា នៅពេលមុនកើតហេតុក្មេងប្រុសបានជិះកង់តែម្នាក់ឯងក្នុងទិសដៅពីត្បូងមកជើង ដើម្បីឆ្ពោះទៅផ្ទះរបស់ខ្លួនស្របពេលដែលកំពុងតែជិះនោះ ស្រាប់តែមានរថយន្តខាងលើបានប្រើប្រាស់ល្បឿនលឿនមកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យក្មេងប្រុសប៉ើងខ្ទាតចេញពីកង់ជាច្រើនម៉ែត្រ។
អធិការនគរបាលស្រុកជើងព្រៃបន្តថា ក្រោយពីបានបុកក្មេងប្រុសនេះហើយអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបាត់គេចខ្លួនបាត់តែម្តង ចំណែកក្មេងប្រុសនោះត្រូវបានឪពុកម្តាយបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ។ តែជាអកុសលក្មេងប្រុសបានស្លាប់ ដោយគ្រូពេទ្យមិនអាចសង្គ្រោះបាន។ វត្ថុតាងកង់ និងរថយន្តត្រូវបានជំនាញចរាចរណ៍ស្រុក ចុះទៅយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃដើម្បីធ្វើការស្រាវរកម្ចាស់រថយន្ត តាមរយៈស្លាកលេខខាងលើរំពឹងថានឹងដឹងពីអាសយដ្ឋាននៅទីណាហើយ។
ក្នុងករណីនេះភាគីឪពុកម្តាយរបស់ក្មេងប្រុសដែលស្លាប់មិនទាន់បានដាក់ពាក្យបណ្តឹងនូវឡើយទេ ហើយក៏មិនដឹងទាមទារសំណងប៉ុន្មានដែរ។ រហូតមកដល់រសៀលថ្ងៃដដែលនូវតែមិនទាន់ដឹងថាអ្នកបើកបរថយន្តនៅទីណានៅឡើយ ៕