បើករថយន្ដ​បុក​ម៉ូតូកំពុងឆ្លងផ្លូវ​ ផ្លោង​ធ្លាក់​មនុស្ស​លើ​រថយន្ដ​​សន្លប់​ឈឹង​

  • 2017-11-01 07:05:12
  • Views 176

Shares

ភ្នំពេញ ៖ បុរសអ្នកជិះម៉ូតូម្នាក់ បានរងរបួសសន្លប់ឈឹង បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវជិតផុតទៅហើយ ស្រាប់តែត្រូវរថយន្ដមួយគ្រឿងបើកបុកពេញទំហឹងអូសជាង ១០ ម៉ែត្រ បណ្ដាលឲ្យផ្លោងធ្លាក់ ហើយរថយន្តបង្កបានបន្ដជ្រុលទៅបុករថយន្ដឡិចស៊ីសមួយគ្រឿងទៀត ផ្ទប់ជាមួយរបងព្រលានយន្ដហោះអន្តជាតិភ្នំពេញ កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខច្រកចូលមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ស្ថិតនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

FB_IMG_1509519796666

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ SONATA (សូណាតា) ពណ៌ខ្មៅ ពាក់ស្លាកលេខ AT ១៧ -២.០៤៨៣ បើកបរដោយបុរសម្នាក់ឈ្មោះ នី សុខដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើករថយន្តតាក់ស៊ី បើកក្នុងទិសដៅពីលិចទៅកើត។ រីឯម៉ូតូរងគ្រោះម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១-៦២៤៣ បើកបរដោយបុរសម្នាក់ឈ្មោះឈួន សីហា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាងភ្លើង បើកក្នុងទិសដៅពីជើងត្បូងឆ្លងផ្លូវ។

រថយន្តរងគ្រោះមួយគ្រឿងទៀត ម៉ាកលុចស៊ីស RX៣០០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២AO-៤៥២១ កំពុងចតលើខឿនផ្លូវ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកម៉ូតូឆ្លងផ្លូវពីជើងទៅត្បូង បន្ទាប់មកស្រាប់តែមានរថយន្តបង្កខាងលើបើកក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុម៉ូតូរងគ្រោះបើកឆ្លងផ្លូវជិតផុតទៅហើយ ស្រាប់តែរថយន្តបង្កបុកម៉ូតូពេញទំហឹង បណ្តាលឱ្យប៉ើងជនរងគ្រោះផ្លោងទៅធ្លាក់លើរថយន្តចំកញ្ចក់ខាងមុខ បណ្តាលឱ្យរងរបួសធ្ងន់ ហើយរថយន្តបានបន្ថែមល្បឿនជ្រុលទៅបុកអូសម៉ូតូរងគ្រោះផ្ទប់នឹងរបងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ប្រភពបន្ដថា ពេលនោះរថយន្តបង្កបានបុករថយន្តលុចស៊ីសមួយគ្រឿង ដែលឈប់ចតលើខឿនចិញ្ចើមផ្លូវជាប់របងព្រលាន បណ្តាលឱ្យដាច់កាងខាងក្រោយយ៉ាងដំណំ។ បើតាមសំដីជនរងគ្រោះម្ចាស់រថយន្តលុចស៊ីស RX៣០០ បាននិយាយថា នៅមុនពេលកើតហេតុរូបគាត់បានចតរថយន្តនៅលើខឿនផ្លូវ ហើយរថយន្តគាត់កំពុងបញ្ឆេះបើកម៉ាស៊ីនត្រជាក់ ក៏ត្រូវរថយន្តបង្កបុកតែម្ដង។ ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះតៃកុងរថយន្តបង្កខាងលើ ត្រូវបានប្រជាពលរដ្ឋឃាត់រួចប្រគល់ឱ្យសមត្ថកិច្ច។ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូ ត្រូវបានរថយន្ដសាមុយឯកជនសម្ភពរស្មី ដឹកទៅសង្គ្រោះបឋមភ្លាមៗផងដែរ តែដោយសារតែជនរងគ្រោះរបួសធ្ងន់ពេកទើបបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។ ក្រោយពេលកើតហេតុ រថយន្ដបង្ក និង ម៉ូតូ រួមទាំងអ្នកបើកបរត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

FB_IMG_1509519798601
FB_IMG_1509519800495
FB_IMG_1509519794440
Loading...
Loading...
Recently Posts