ក្រុមហ៊ុន​វី​ង​ព្រម​សង​ ៥០០​ ដុល្លារ​វិញ បន្ទាប់ពី​មាន​ភ្នាក់ងារ​ខ្លួនមិនបាន​ផ្ទៀងផ្ទាត់​លេខ​ទូរស័ព្ទ​

  • 2017-10-28 11:49:39
  • Views 274

Shares

ខេត្តបាត់ដំបង ៖ ជនរងគ្រោះ ដែលបានផ្ញើលុយតាមរយៈក្រុមហ៊ុនវីង ទៅឱ្យជនមិនស្គាល់មុខ ដែលបានលួចគណនីហ្វេសប៊ុករបស់ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ហើយបានឆាតមកខ្ចីប្រាក់ថាមានធុរៈនៅឯខេត្តសៀមរាបនោះ ត្រូវបានក្រុមហ៊ុនវីងព្រមចេញសំណងនូវទឹកប្រាក់ចំនួន ៥០០ ដុល្លារ វិញហើយកាលពីល្ងាចម្សិលមិញ បន្ទាប់ពីអ្នកស្រីម្ចាស់គណនីបានដាក់ពាក្យប្តឹងនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយបានចោទប្រកាន់ថា អាចមានភ្នាក់ងារវីងណាម្នាក់មានការឃុបឃិតជាមួយជនទុច្ចរិត ដោយបើកប្រាក់ មិនចាំបាច់ផ្ទៀងផ្ទាត់លេខទូរស័ព្ទក៏អាចបើកយកបាន។

22788868_1601404803256114_8933295191830949959_n

គួរបញ្ជាក់ថា គណនីហ្វេសប៊ុករបស់អ្នកស្រី ប៉ុក ច័ន្ទធារី ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ត្រូវបានជនមិនស្គាល់មុខហេកចូល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ប្រហែលជាម៉ោង១ និង ២០នាទីរសៀល ហើយបានធ្វើសកម្មភាពឆាតទៅកាន់ហ្វ្រេនប្រមាណជាង ២០ នាក់ ដើម្បីខ្ចីប្រាក់គេ។

នៅក្នុងនោះដែរ លោក ភី សុខ អនុប្រធានវិទ្យុជាតិចំការចេក ក៏បានចាញ់កលជនសង្គមងងឹតនោះ ដោយបានឆាតទៅសួរនាំអំពីទឹកប្រាក់ដែលខ្ចីនោះ តែត្រូវជនសង្ស័យដែលយកឈ្មោះអ្នកស្រីទៅប្រើបានតបថា អ្នកស្រីត្រូវចុះទៅធ្វើវាគ្មិននៅឯខេត្តសៀមរាប ត្រូវការខ្ចីប្រាក់ចំនួន ៥០០ ដុល្លារ តែ២ថ្ងៃប៉ុណ្ណោះនឹងសងវិញ។

22780641_1601404806589447_5173447493041351201_n

ក្រោយពីមានការជឿទាំងស្រុងថា ពិតជាអ្នកស្រីប្រធានមន្ទីរព័ត៌មានមែននោះ ទើបលោកភី សុខ បានផ្ញើតាមរយៈវីងវេរលុយទៅឱ្យអ្នកស្រី នូវទឹកប្រាក់ចំនួន៥០០ដុល្លារ ដោយថតបាញ់តាមរយៈឆាតទៅឱ្យ រួចទើបទូរស័ព្ទទៅសួរអ្នកស្រីថា បានទទួលលុយហើយឬនៅ? ពេលនោះទើបមានការភ្ញាក់ផ្អើល ដោយសារតែអ្នកស្រីមិនដឹងខ្លួនទាល់តែសោះ ហើយក៏ប្រញាប់ប្រញាល់ទៅសាកសួរព័ត៌មានអំពីលុយដែលផ្ញើ ត្រូវជនមិនស្គាល់មុខដកយកបាត់ទៅហើយ។

22815572_1601404796589448_3926166776749703711_n

ដោយសារតែបញ្ហានេះហើយ ទើបលោក ភី សុខ បានទាក់ទងតាមរយៈទូរស័ព្ទទៅសាកសួរប្រធានក្រុមហ៊ុនវីង ប្រចាំខេត្តបាត់ដំបង ក៏ដូចជាប្រធានក្រុមហ៊ុនដែលនៅទីក្រុងភ្នំពេញ ដើម្បីចង់ដឹងថា ហេតុអ្វីបានជាជនទុច្ចរិតគ្មានលេខទូរស័ព្ទមកផ្ទៀងផ្ទាត់ផង ក៏អាចដកប្រាក់បាន? ព្រោះលេខទូរស័ព្ទនៅនឹងដៃរបស់អ្នកស្រីប្រធានមន្ទីរឯណេះ។

ទីបំផុត នៅវេលាម៉ោង ៥ ល្ងាច ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ក្រុមហ៊ុនវីងដែលនៅទីក្រុងភ្នំពេញ បានទាក់ទងមកលោក ភី សុខ ដោយព្រមចេញសំណងដែលខាតបង់នូវទឹកប្រាក់ ៥០០ ដុល្លារនោះ ទៅឱ្យលោក ភី សុខ វិញ ដោយបានកំណត់ឱ្យលោកកាន់ក្រដាសដែលខ្លួនបានដាក់ប្រាក់ ទៅកាន់បញ្ជរដដែលដើម្បីបើកយកប្រាក់វិញ។

22815576_1601404819922779_3684822416612849924_n

ទាំងនេះសបញ្ជាក់ឱ្យឃើញថា ពិតជាមានភ្នាក់ងារវីងណាម្នាក់ ដែលបានបើកប្រាក់ទៅឱ្យជនទុច្ចរិតយ៉ាងពិតប្រាកដ ដោយមិនបានផ្ទៀងផ្ទាត់នូវលេខទូរស័ព្ទ ដែលត្រូវយកមកបើកប្រាក់៥០០ ដុល្លារនោះ ដូចនេះគួរតែក្រសួងមានសមត្ថកិច្ច ធ្វើការសហការជាមួយក្រុមហ៊ុនវីង ដើម្បីតាមចាប់ខ្លួនជនទុច្ចរិតនោះ យកមកផ្ដន្ទាទោសឱ្យបានតាមផ្លូវច្បាប់៕

Loading...
Loading...