កំណាយ​លើ​ស្ពាន​ហាល​​អង្គរ​វត្ត​ រក​ឃើញ​ចំណុច​ចាប់​អារម្មណ៍​កាល​សម័យ​បុរាណ !ដែលពិភពលោកមិនបានដឹងទាន់តែសោះ

  • 2017-10-21 12:34:10
  • Views 325

Shares

លទ្ធផលកំណាយបុរាណវិទ្យា បង្ហាញថាស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ធ្លាប់បានជួសជុលកាលពីសម័យក្រោយអង្គរ។ នេះបើតាមការបញ្ជាក់របស់ អាជ្ញាធរជាតិអប្សរា។ ស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត បានកំពុងចាប់ផ្ដើមគម្រោងជួសជុលហើយ។

BridgeHalSR1_large

មុនដំណើរការជួសជុល ក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរអប្សរា ត្រូវធ្វើកំណាយស្រាវជ្រាវជាមុន ដើម្បីស្វែងយល់ពីទិន្នន័យបុរាណវិទ្យា ក៏ដូចជារចនាសម្ព័ន្ធរបស់ស្ពានហាលទាំងមូលផងដែរ។ ក្រុមការងារអាជ្ញាធរអប្សរា សហការជាមួយសកលវិទ្យាល័យ សូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវ និងសន្និដ្ឋានថា ស្ពានហាលខាងលិច អង្គរវត្ត បានស្រុត និងខូចខាតផ្នែកជញ្ជាំង។ លទ្ធផលពីកំណាយបានរកឃើញ ការវិវឌ្ឍលើការជួសជុលស្ពានហាលនោះ ដែលធ្លាប់បានធ្វើឡើងតាំងពីក្រោយអង្គរ។ 

ជារួម លទ្ធផលកំណាយ និងតាមឯកសារដែលនៅសេសសល់ ក្រុមការងារបានរកឃើញថា ស្ពានហាលខាងលិច ធ្លាប់បានជួសជុលចំនួន ៤ដំណាក់កាលរួចមកហើយ មានដូចជា៖ ដំណាក់កាលទី១៖ គឺការជួសជុលដែលធ្វើឡើងនៅសម័យក្រោយអង្គរ ដំណាក់កាលទី២៖ គឺដើមទសវត្សទី៥០ ដែលជួសជុលដោយបារាំង នៅចំហៀងខាងជើងផ្នែកខាងកើត ពេលនោះការជួសជុល គឺប្រើបេតុងច្រើន។

 ដំណាក់កាលទី៣៖ គឺខាងដើមទសវត្សទី៦០ ជួសជុលដោយបារាំងផងដែរ នៅពាក់កណ្ដាលផ្នែកខាងត្បូង។ ដំណាក់កាលទី៤៖ ពីឆ្នាំ១៩៩៦-២០០៧ ជួសជុលដោយសកលវិទ្យាល័យ សូហ្វីយ៉ា ជាមួយ និងអាជ្ញាធរជាតិអប្សរា ផ្នែកខាងជើង នៅក្នុងដំណាក់កាលទី១ ។ ដោយឡែក គម្រោងជួសជុលដែលធ្វើឡើងដោយអាជ្ញាធរអប្សរា សហការជាមួយ សកលវិទ្យាល័យ សូហ្វីយ៉ាបច្ចុប្បន្ន គឺធ្វើឡើងនៅផ្នែកខាងជើង នៃដំណាក់កាលទី២ ដែលមានប្រវែង ១០០ម៉ែត្រ ។ 


មន្ត្រីបច្ចេកទេសបានបញ្ជាក់ថា លទ្ធផលនៃកំណាយស្ពានហាល ក្នុងដំណើរការជួសជុលនៃដំណាក់កាលទីពីរនេះ ដែលមានការបើករណ្ដៅចំនួនពីកន្លែង បានបង្ហាញថា ស្ថានភាពស្ពានហាល មានភាពច្របូកច្របល់ ដោយការជួសជុលក្នុងសម័យក្រោយអង្គរ មិនបានរៀបថ្ម ក៏ដូចជាការពង្រឹងគ្រឹះឲ្យបានត្រឹមត្រូវ ដោយគ្រាន់តែប្រមូលកម្ទេចកំទី ដែលមានស្រាប់នៅទីនោះចាក់បំពេញតែប៉ុណ្ណោះ។ 


ចំណែកថ្មបាយក្រៀម ដែលមាន១១ស្រទាប់ ដែលជាជញ្ជាំងស្ពានហាលនោះ ក៏រងការពុកផុយ ដោយសារអាយុកាលផងដែរ។ មានតែនៅស្រទាប់ទី៤ឡើងតែប៉ុណ្ណោះ ដែលស្ថានភាពថ្ម នៅល្អប្រសើរ។ មន្ត្រីបច្ចេកទេសបានបន្ថែមទៀតថា ក្រុមការងារបានយកលទ្ធផលទៅប្រៀបធៀបគ្នា នឹងដំណាក់កាលទី១ គឺ សកលវិទ្យាល័យ សូហ្វីយ៉ា បានរកឃើញដូចគ្នា ថាថ្មបាយក្រៀមមានការពុកផុយ ហើយការជួសជុលគឺត្រូវជំនួសដោយថ្មបាយក្រៀមថ្មីទាំងអស់តែម្ដង៕

Loading...
Loading...